Ad Code

ជាង​កញ្ចក់​ជនជាតិ​ចិន​ម្នាក់ ​ឈោង​យក​​ទឹក​ផឹក ​ផុងជើង​ ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៤​ស្លាប់​



ភ្នំពេញ ​៖​ ជាង​កញ្ចក់​ជនជាតិ​ចិន​ម្នាក់ ​បាន​ភ្លាត់ស្នៀត​ធ្លាក់​ពីលើ​អាគារ​ជាន់​ទី 4​បណ្ដាល​ឲ្យ​ស្លាប់​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃទី១៩ ខែ​មីនា​ ឆ្នាំ២០១៩ នៅ​ពីលើ​អាគារ​កំពុង​សាងសង់​ក្បែរ​រ៉ា​រថភ្លើង​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​១៦ និង​៤០​នាទី​ថ្ងៃ​ខែ​ខាង​លើ​ មាន​ករណី ជនជាតិ​ចិន​ធ្លាក់​ពីលើ​អគារ​សំណង់​ជាន់​ទី​៤​ បណ្តាល​ឲ្យ​ស្លាប់​ នៅ​ចំណុច​អគារ​សំណង់​RHB ផ្លូវ​លេខ​១០៦ កែង​ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

​អត្តសញ្ញាណ​សព​ ឈ្មោះ ZOU ZHIMENG ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជាង​កញ្ចក់ ស្នាក់នៅ​ផ្ទះជួល​លេខ​១០២​អឺ​៤ ផ្លូវ​លេខ​១០៨ ភូមិ​១ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាន់​លិខិតឆ្លងដែន​លេខ EF5829677​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​ដំណើររឿង​នោះ ​ដោយ​ឆ្លងតាម​ការបំភ្លឺ​របស់ ​ឈ្មោះ ថា​ន ថន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​ជាង​កញ្ចក់ ឈ្មោះ អ៊ុ​ល ស៊ា​ង​ហ៊ាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​ជាង​កញ្ចក់ និង​ឈ្មោះ ZOU JUNPING ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជាង​កញ្ចក់​(​ជា​កូនបង្កើត​សព​) បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុនពេល​កើតហេតុ​ ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦និង​៤០​នាទី ជនរងគ្រោះ​ឈ្មោះ ZOU ZHIMENG ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ បាន​ឡើង​ចាប់​កញ្ចក់​នៅ​ខាងក្រៅ​អគារ​សំណង់​RHB​ជាន់​ទី​៤ ដោយ​ជិះ​កន្ត្រាក់​ខ្សែរ៉ត។ ពេលនោះ​ជនរងគ្រោះ​បាន​ដោះ​ទំពក់​ខ្សែក្រវាត់​ចេញ ហើយ​ឆ្លង​ចូល​​ក្នុង​អគារ ដើម្បី​កាត់​ដែក ​រួច​ក៏​ឈោង​យក​ដប​ទឹក​ផឹក​នៅ​ក្នុង​កន្ត្រាក់​ខ្សែ​រ៉​ត ស្រាប់តែ​ផុងជើង​ធ្លាក់​ពី​ជាន់​ទី​៤​មក​ទើរ​លើ​ដំបូល​បេតុង​អគារ​កាប៊ីន​ភ្លើង ​ជាប់​នឹង​អគារ​សំណង់​RHB បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយពី​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​រួច​ ប្រាប់ថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ហើយ។

សមត្ថកិច្ច​បញ្ជាក់​ថា​ ឆ្លងតាម​កា​រ​សន្និដ្ឋាន និង​វាយតម្លៃ​តាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សព​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៤ របួស​ធ្ងន់ធ្ងរ។

បច្ចុប្បន្ន​ សព​ បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu