ប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃអាទិត្យថា ការបោះឆ្នោតសកលមួយនឹងត្រូវធ្វើឡើងរយៈពេលជិត៦សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី១១ខែមេសាទៅ នៅពេលដែលអ្នកបោះឆ្នោតរាប់លាននាក់ នឹងត្រូវបោះឆ្នោតនៅក្នុងប្រទេសប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោកមួយនេះ។
ការបោះឆ្នោតនេះត្រូវបានគេមើលឃើញថាជាការប្រកួតប្រជែងរវាងនាយករដ្ឋមន្ត្រីស្តាំនិយមលោក Narendra Modi សម្រាប់អាណត្តិទី២ប្រឆាំងនឹងលោក Rahul Gandhi នៃរាជវង្ស Gandhi-Nehru ដើម្បីដឹកនាំប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទី២របស់ពិភពលោក។
អ្នកបោះឆ្នោតប្រមាណ៩០០លាននាក់គឺមានសិទ្ធិបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ក្នុងកិច្ចការប្រជាធិបតេយ្យដ៏ធំសម្បើមមួយ។
គណៈកម្មាធិការបោះឆ្នោតបាននិយាយកាលពីថ្ងៃអាទិត្យថា ចាប់ពីថ្ងៃទី១១ខែមេសាដល់ថ្ងៃទី ១៩ខែឧសភា អ្នកបោះឆ្នោតនឹងត្រូវជ្រើសរើសសមាជិកសភាជាន់ទាប Lok Sabha ចំនួន៥៤៣រូបដែលគ្រប់គ្រងប្រជាជាតិអាស៊ីមានប្រជាជនចំនួន១.២៥ពាន់លាននាក់មួយនេះ។
ការរាប់សន្លឹកឆ្នោតនឹងត្រូវបញ្ចប់ហើយលទ្ធផលត្រូវប្រកាសនៅថ្ងៃទី២៣ខែឧសភា។
គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata Party (BJP) របស់លោក Modi និងគណបក្សឆ្វេងនិយម Congress របស់លោក Gandhi គឺជាអ្នកប្រកួតប្រជែងខ្លាំងបំផុតក្នុងចំណោមគណបក្សនយោបាយរាប់រយមកពីទូទាំងប្រទេសដែលមានវប្បធម៌និងភូមិសាស្ត្រចម្រុះមួយនេះ។
លោក Modi ដែលគណបក្សស្តាំនិយមរបស់គាត់បានឈ្នះសំឡេងភាគច្រើនដាច់ខាតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤គឺបានចូលរួមប្រកួតប្រជែងក្នុងទីតាំងដ៏រឹងមាំ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកអាចទាក់ទាញទំនុកចិត្តពីអ្នកជាតិនិយមដោយសារតែការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះជាមួយប្រទេសប៉ាគីស្ថានដែលបង្កឡើងដោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងតំបន់កាស្មៀរកាលពីថ្ងៃទី១៤ខែកុម្ភៈដែលបានសម្លាប់ទាហានប៉ារ៉ាឥណ្ឌាចំនួន៤០នាក់។
ការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតលើកងកម្លាំងឥណ្ឌាក្នុងការបះបោរអាយុកាល៣០ឆ្នាំនៅផ្នែកនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយក្រុងញូវដេលីមួយនេះគឺត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមសកម្មប្រយុទ្ធមួយដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន៕ AFP
Source: Kampuchea Thmey Daily
0 Comments