Ad Code

គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ច្បារអំពៅ​ នាំយក​អំណោយ​ផ្តល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៨០​គ្រួសារ​



​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា ​ខណ្ឌ​ច្បារអំពៅ​ ដឹកនាំ​ដោយ​ លោក​ ចេង មុនី​រ៉ា ជា​ប្រធាន ​រួម​នឹង​ក្រុមហ៊ុន​Primce Real Gstate Group បាន​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​ខ្វះខាត​ជីវភាព​ចំនួន​២៨០​គ្រួសារ​ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។​

យោងតាម​ប្រសាសន៍​ លោក ​ចេង មុនី​រ៉ា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ច្បារអំពៅ​បាន​មាន​ប្រសាសន៍​ថា​ នៅ​ព្រឹក​ថ្ងៃទី​១០​មីនា​នេះ​ រូបលោក​ បាន​ដឹកនាំ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ច្បារអំពៅ ​រួមជាមួយ​ក្រុមហ៊ុន​ខាងលើ ​បាន​នាំយក​អំណោយ​ទៅ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៨០​គ្រួសារ​ ដែល​កំពុង​រស់​នៅ​ក្នុង​សហគមន៍​ដើម​ស្លែង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ ​រាជ​ធានី​ភ្នំពេញ​។​

លោក​ប្រធាន​គណបក្ស​បាន​បន្ត​ថា ជា​រៀងរាល់​សប្ដាហ៍ គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ច្បារអំពៅ ​តែង​នាំយក​អំណោយ​ពី​សប្បុរសជន​ដែល​ផ្តល់​មក​ទីស្នាក់ការ​បក្ស​ ដើម្បី​យកទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ជីវភាព​ពុំ​ដែល​ខកខាន​ និង​ពុំ​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ​គឺ​ឲ្យ​តែ​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។​

ជាក់ស្ដែង​ដូច​ថ្ងៃនេះ ​គឺ​ក្រុមហ៊ុន​Primce RealGstate Group បាន​​នាំយក​អំណោយ​មក​ផ្តល់​ដល់ទី​ស្នាក់​ការ​កណ្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ច្បារអំពៅ​ ដើម្បី​យកទៅ​ផ្តល់​បន្ត​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ ព្រោះ​ក្រុមហ៊ុន ​ក៏ដូចជា​សប្បុរសជន​លោក​ជឿជាក់​មកលើ​គណៈកម្មាធិការ​បក្ស​ខណ្ឌ​ច្បារអំពៅ ​តែង​ចុះជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិនដែល​លោះ​ពេល​ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទៀតផង​។​

លោក ​ចេង មុនី​រ៉ា បានបញ្ជាក់​ទៀតថា ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ត្រូវ​ដាច់​ស្បៀងអាហារ​នោះឡើយ​។​ ហើយ​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះ​ខាត​ជីវភាព​ទាំង​២៨០​គ្រួសារ​នា​ថ្ងៃនេះ​ គឺ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​មី​១​កេស ទឹកត្រី​១​យួរ ត្រីខ​១០​កំប៉ុង ប្រេងឆា​១​លីត្រ មីសួ​១​គីឡូក្រាម​ និង​ស្បោង​យួរ​១​ ជា​វត្ថុ​អនុស្សាវរីយ៍​មាន​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតផង​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu