លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនូវែលហ្សេឡង់កំពុងហាមឃាត់ការលក់កាំភ្លើងវែងនិងអាវុធពាក់កណ្តាលស្វ័យប្រវត្តិដែលនេះជាការអនុវត្តភ្លាមៗដ៏ល្អលើការសន្យាមួយដើម្បីរឹតបណ្តឹងច្បាប់កាំភ្លើងរបស់ប្រទេសនេះ។
ការហាមឃាត់នេះបានកើតឡើងក្នុងរយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បើកការវាយប្រហារលើវិហារឥស្លាមចំនួនពីរដោយបានសម្លាប់មនុស្សចំនួន៥០នាក់នៅពេលពួកគេបួងសួងដែលជាហេតុបង្កឲ្យមានភាពស្អប់ខ្ពើមជាសកលនិងកំហឹងទូទាំងប្រទេស។
លោកស្រី Ardern បានប្រាប់សន្និសីទសារព័ត៌មានមួយថា “គ្រប់អាវុធពាក់កណ្តាលស្វ័យប្រវត្តិដែលត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃសុក្រនឹងត្រូវបានហាមឃាត់នៅក្នុងប្រទេសនេះ”។ លោកស្រី Ardern បានបន្ថែមថា ឡតដែលដាក់គ្រាប់កាំភ្លើងបានច្រើននិងឧបករណ៍ដែលស្រដៀងទៅនឹងឧបករណ៍ដែលអាចធ្វើឲ្យកាំភ្លើងបាញ់បានលឿនក៏នឹងត្រូវបានដាក់ឲ្យនៅក្រៅច្បាប់ផងដែរ។
ច្បាប់ដែលអនុម័តការដាក់កម្រិតនេះនឹងត្រូវបានណែនាំក្នុងសភានៅពេលកោះប្រជុំនៅដើមខែមេសាប៉ុន្តែវិធានការបណ្តោះអាសន្នមួយដើម្បីហាមឃាត់ការទិញថ្មីគឺអនុម័តរួចទៅហើយ។
ប្រតិកម្មអំពីការហាមឃាត់នៅក្នុងប្រទេសនេះគឺមានភាពវិជ្ជមាន។
លោក Kawthar Abulaban អាយុ៥៤ឆ្នាំដែលរួចរស់ជីវិតពីការបាញ់ប្រហារនៅវិហារឥស្លាម Al Noor បានប្រាប់ AFP ថា “វាជារឿងល្អ ហេតុអ្វីយើងត្រូវការកាំភ្លើងដូចនេះនៅក្នុងផ្ទះរបស់យើង? ”។
ទំហំនៃការវាយប្រហារនេះបានបណ្តាលឲ្យមានការប្រឆាំងយ៉ាងខ្លាំងនៅទូទាំងពិភពលោកដោយសារតែខ្មានកាំភ្លើងឈ្មោះ Brenton Tarrant បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្សាយផ្ទាល់អំពីការវាយប្រហារនេះ។
សម្រាប់ថ្ងៃទីពីរជាប់គ្នា អ្នកកាន់ទុក្ខរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្រោមមេឃស្រទុំក្នុងទីក្រុងដើម្បីអធិស្ឋានដល់អ្នកស្លាប់៕ AFP
Source: Kampuchea Thmey Daily
0 Comments