ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន២កង់ បានដាក់ចេញពីគ្នា ក្រោយពេលដែលមានរថយន្តមួយគ្រឿង បើកមកបុកយ៉ាងពេញទំហឹងនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងហេតុការណ៍នេះមិនបានធ្វើឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីរាត្រី ឆ្លងចូលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១និង១៥នាទី នៅចំណុចមុខខ្លោងទ្វារផ្សារទួលគោក ផ្លូវលេខ២៨៩ កែង៦១៤ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
រថយន្តបង្កម៉ាកTUNDRA ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ2Y 6849 បានបុកជាមួយរបាំងទ្រូងផ្លូវ(ក្លូរ)ផ្លូវ២៨៩ បណ្តាលឲ្យរបាំងទ្រូងផ្លូវបាក់២កង់ រថយន្តខូចធ្ងន់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កខាងលើបើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យ របាំងថ្ម២កង់បានបាក់ និងឃ្លាតចេញពីជួរ ហើយរថយន្តបង្កក៏បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
ក្រោយពេលកើតហេតុ ប៉ូលិសខណ្ឌទួលគោក បានប្រគល់ករណីនេះ ទៅឲ្យការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញដោះស្រាយតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments