ប៉ូលិសក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានគូស្នេហ៍កូរ៉េខាងត្បូងជាង៨០០គូត្រូវបានគេផ្សាយផ្ទាល់ ខណៈកំពុងរួមភេទនៅក្នុងបន្ទប់សណ្ឋាគារដែលនេះជាឧទាហរណ៍ដ៏ធំបំផុតមួយនៃការរីករាលដាលនៃរឿងអាស្រូវកាមេរ៉ាបង្កប់ឬ Spycam របស់ប្រទេសនេះ.
ប្រទេសកូរ៉េខាងត្បូងកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកាន់តែខ្លាំងឡើងនៃអ្វីដែលគេហៅថា វីដេអូ “molka” ឬ “spycam” ដែលភាគច្រើនពាក់ព័ន្ធនឹងបុរសដែលថតដោយសម្ងាត់លើស្ត្រីនៅក្នុងសាលារៀននិងបង្គន់ឬនៅកន្លែងផ្សេងៗទៀត។
ករណីចុងក្រោយបំផុតនេះគឺមិនមែនធម្មតាទេដែលពាក់ព័ន្ធនឹងគូស្នេហ៍និងការផ្សាយផ្ទាល់។
យោងតាមប៉ូលិសបានឲ្យដឹងថា បុរសចំនួន៤នាក់បានតម្លើងកាមេរ៉ាតូចៗនៅក្នុងបន្ទប់ចំនួន៤២ក្នុងសណ្ឋាគារចំនួន៣០ដែលលាក់នៅខាងក្នុងជើងទម្រឧបករណ៍ផ្លុំសក់ ឌុយដោតភ្លើងនិងប្រអប់ទូរទស្សន៍ឌីជីថល។ កាមេរ៉ានិមួយៗមានឡេនមួយនិងមានទទឹងត្រឹមតែមួយមីល្លីម៉ែតប៉ុណ្ណោះ។
បន្ទាប់មកពួកគេបានផ្សាយផ្ទាល់២៤ម៉ោងក្នុងមួយថ្ងៃទៅវេបសាយមួយដែលមានអ្នកចុច subscripe ប្រមាណ៤,០០០នាក់ដែលបានបង្ហោះលើ Server នៅក្រៅប្រទេស។ ទស្សនិកជនមួយចំនួនក៏ត្រូវបង់ប្រាក់ចំនួន៥០,០០០វ៉ុន (៤៤ដុល្លារ) ជារៀងរាល់ខែផងដែរដើម្បីទទួលបានមាតិកាដាច់ដោយឡែក។
ប៉ូលិសបាននិយាយថា គូស្នេហ៍ជាង៨០០គូត្រូវបានបង្ហាញនៅលើគេហទំព័រក្នុងរយៈពេលជាងបីខែដែលភាគច្រើនបានរួមភេទជាមួយគ្នា។
មន្ត្រីម្នាក់មកពីទីភ្នាក់ងារនគរបាលជាតិបានប្រាប់ AFP ថា “ប្រហែល៥០ភាគរយនៃជនរងគ្រោះ១,៦០០នាក់គឺជាបុរស”។ លោកបន្ថែមថា ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួននិង២នាក់ផ្សេងទៀតកំពុងត្រូវបានស៊ើបអង្កេត។ អ្នកប្រព្រឹត្តរកចំណូលបាន៧លានវ៉ុនពីគំរោងនេះ។
គួរបញ្ជាក់ថា មនុស្សជាង៥,៤០០នាក់ត្រូវបានឃាត់ខ្លួនពីបទឧក្រិដ្ឋទាក់ទងនឹង spycam នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៧ប៉ុន្តែតិចជាង២ភាគរយត្រូវបានដាក់ពន្ធនាគារ៕ AFP
Source: Kampuchea Thmey Daily
0 Comments