ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង កេសរោ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសយុវជនប្រុស/ស្រី២នាក់ ដាក់ពន្ធនាគារកំណត់ ក្នុងម្នាក់ៗ២១ឆ្នាំ និងពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន៤០លានរៀល ក្រោមការចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀនតាមមាត្រា៤០ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទទី១-ឈ្មោះ ផន ពិសី ភេទស្រី អាយុ២២ឆ្នាំ និងជនជាប់ចោទ ទី២-ឈ្មោះ វិន ចន្ធី ភេទប្រុស អាយុ២២ឆ្នាំ។
ក្នុងសវនាការ កាលពីថ្ងៃទី១២មិនាកន្លងទៅ ឈ្មោះ ផន ពិសី បានសារភាពថា នាងជាអ្នកស៊ីឈ្នួលទៅយកគ្រឿងញៀននោះ ពីបុរសម្នាក់ ឈ្មោះ ធី បានចំនួន៥ដង ដោយក្នុងមួយដងៗ មានគ្រឿងញៀនប្រហែលជាង១គីឡូក្រាម យកមកឲ្យស្ត្រីម្នាក់ឈ្មោះ ទី ដែលឲ្យនាងស្នាក់នៅជាមួយ ដោយបានកម្រៃក្នុងមួយជើងពី៣០ ទៅ៥០ដុល្លារ។
ផន ពិសី បានសារភាពទៀតថា មុនដំបូងឡើយ នាងមិនដឹងថាឈ្មោះ ទី ធ្វើការអ្វី ឬរកស៊ីអ្វីទេ ដោយជួលផ្ទះរស់នៅ គេជាអ្នកចេញលុយ តែឈ្មោះនាងជាអ្នកជួល។ លុះក្រោយមក ទើបនាងដឹងថា ឈ្មោះ ទី រកស៊ីលក់គ្រឿងញៀន ប៉ុន្តែនៅថ្ងៃសមត្ថកិច្ចចាប់ខ្លួននាង ឈ្មោះ ទី បានគេចខ្លួនបាត់ពីផ្ទះ មិនដឹងទៅណា។
ចំណែក ឈ្មោះ វិន ចន្ធី បានសារភាពថា នៅថ្ងៃសមត្ថកិច្ចចាប់ខ្លួនខ្លួន គេត្រូវបានឈ្មោះ ធី ជិះម៉ូតូណៃហតធំ ជួលក្នុងតម្លៃ៣០ដុល្លារ ឲ្យទៅឃ្លាំមើល ឈ្មោះ ផន ពិសី ពិតជាបានទៅយកគ្រឿងញៀននៅកន្លែងណាត់គ្នាដែរឬអត់ ភារកិច្ចរបស់ខ្លួន គឺឃ្លាំមើល ផន ពិសី តែប៉ុណ្ណោះ។
សូមរំលឹកថា ការបង្ក្រាបករណីជួញដូរថ្នាំញៀន ធ្វើឡើងនៅវេលាម៉ោង១និង២០នាទី ថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុច ផ្ទះជួលលេខ១៣អា ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពី លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផន ពិសី ភេទស្រី ជនជាតិខ្មែរ និងវត្ថុតាង មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១ពាន់២៩ក្រាម ៧៩មិល្លីក្រាម និងថ្នាំគ្រាប់មេតំហ្វេតាមីន (WY) ១០៩ក្រាម ៥មិល្លីក្រាម។ ឆ្លងតាមការស្រាវជ្រាវ នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួនបក្សពួកជនសង្ស័យម្នាក់ទៀត ឈ្មោះ វិន ចន្ធី ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចមុខបូរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូសបានថ្នាំញៀន មេតំហ្វេតាមីន (ICE) ៩៩៩ក្រាម ៦៦មិល្លីក្រាម។
សរុបទាំងពីរករណីនេះ សមត្ថកិច្ច បានចាប់បានគ្រឿងញៀនសរុបទម្ងន់ ២ពាន់១៣៨ក្រាម ៥មិល្លីក្រាម ក្នុងនោះ មេតំហ្វេតាមីន(ICE) ២ពាន់២៩ក្រាម៤៥មិល្លីក្រាម និង WY ១០៩ក្រាម ៥មិល្លីក្រាម៕
Source: Kampuchea Thmey Daily
0 Comments