ភ្នំពេញ ៖ កិច្ចពិភាក្សាពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ និងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននេះ បានធ្វើឡើងរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Kong Xuanyou អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងការបរទេស កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា ដំណើរទស្សនកិច្ចរបស់លោក Kong Xuanyou នាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំថ្នាក់អគ្គលេខាធិការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ ហើយនៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោកអនុរដ្ឋមន្ត្រីការបរទេសចិន នឹងចូលរួមនៅក្នុងកម្មវិធីសម្ពោធបើការដ្ឋានសាសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។
តាមលោក កេត សោផាន់ ដំណើរទស្សនកិច្ចរបស់លោក Kong Xuanyou នាពេលនេះ ក៏ដើម្បីត្រៀមរៀបចំកិច្ចដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញទៅចូលរួមវេទិកាលើកទី២នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលនឹងរៀបចំនៅធ្វើនៅចុងខែមេសា ឆ្នាំ២០១៩នេះ។ លោកបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះ អនុរដ្ឋមន្ត្រីការបរទេសចិន ក៏បាននាំមកនូវការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចំពោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនផងដែរ នៅខែមិថុនា ខាងមុខ ហើយលោកឧបនាយករដ្ឋមន្ត្រី ក៏បានទទួលយកសំណើនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments