Ad Code

កម្ពុជា ទទួល​បាន ភាព​អនុគ្រោះ​ពន្ធ​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មកលើ​ទំនិញ ជាង ៤០​មុខ



​ភ្នំពេញ ​៖ ​លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​ថ្មី​នេះ​ប្រមាណ ៣​ឆ្នាំ​មក​ហើយ ហើយ​បាននឹងកំពុង​នាំចេញ​ទំនិញ​មួយចំនួន​ដែរ​។ ក្នុង​នោះ មានមុខ​ទំនិញ​រហូត​ទៅដល់​ជាង ៤០​មុខ​ឯណោះ ដែល​ត្រូវបាន​លើកលែង​ពន្ធ​។

លោកស្រី​លើកឡើង​បែបនេះ​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា​នេះ បានរៀបចំ​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​ភាព​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ហៅ​កាត់ EAEU​។ សិក្ខាសាលា​ថ្ងៃនេះ មាន​គោលបំណង ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​បច្ចុប្បន្នភាព ដែល​ទាក់ទង​នឹង​ភាព​អនុគ្រោះ​ពន្ធ​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មក​លើ​ទំនិញ​កម្ពុជា​មួយចំនួន​។

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ប្រទេស​ដែល​ជា​​សមាជិក​ក្នុង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​មាន​០៥ ប្រទេស រួមមាន​៖ សហព័ន្ធរុស្ស៊ី សាធារណរដ្ឋ​បេឡា​រុស សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន សាធារណរដ្ឋ​អា​មេ​នី និង​សាធារណរដ្ឋ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​។

លោកស្រី ឲ្យ​ដឹង​ទៀត​ថា ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​ភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មានដូចជា វត្ថុ​ធាតុ​វាយ​ន​ភណ្ឌ សំលៀកបំពាក់ ខ្សែក្រវាត់ កប្បាស អង្ករ​កិន​ហើយ​ទាំងស្រុង ឬ​ពាក់កណ្តាល ចុងអង្ករ ភួយ​និង​កម្រាល​ធ្វើ​ពី​កប្បាស​ជាដើម​។​ល​។ រីឯ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី រួមមាន​៖ កង់​យានយន្ត រថយន្ត​គ្រប់​ប្រភេទ គ្រឿង​បង្គំ​អគ្គិសនី កាមេរ៉ា គ្រឿងចក្រ គ្រឿង​ម៉ាស៊ីន​កសិកម្ម ក្រណាត់​បោស​ធូលី និង​ក្រណាត់​ជូត​សម្អាត ជី សម្ភារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្រដាស​សម្រាប់​បោះពុម្ព​កាសែត និង​បំណែក​នៃ​អាកាសយាន ឬ​ឧទ្ធម្ភាគចក្រ​ជាដើម​។

លោកជំទាវ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​គូស​បញ្ជាក់​ដែរ​ថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​សហព័ន្ធ​រុស្សី​ច្រើនជាង​គេ ក្នុងចំណោម​បណ្តា​សមាជិក​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​។ តាមរយៈ​ការនាំចេញ​ទំនិញ​កម្ពុជា ក្នុងអំឡុងពេល​០៣​ឆ្នាំ​ចុងក្រោយ ចាប់ពី​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០១៨ ឃើញថា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មាន​កំណើន​ឡើងវិញ​ផងដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu