ក្រុមជើងឯកឆ្នាំចាស់ណាហ្គាវើល បានអាចរកបាន៣ពិន្ទុ ក្នុងប្រកួតបើកឆាកដំបូងក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) កាលពីចុងសប្ដាហ៍មែន ប៉ុន្តែលោក មាស ចាន់ណា ដែលជាគ្រូបង្វឹកបានបង្ហាញគំនិតថាលោកមិនពេញចិត្ត នោះទេចំពោះការបញ្ចប់ទីនៅតំបន់ប្រយុទ្ធរបស់កូនក្រុមរបស់លោក ហើយលោកបន្ដថា បើនៅតែរក្សាទម្រង់លេងបែបនេះរហូតនោះ ប្រហែលមិនអាចការពារតំណែងជើងឯកបានទៀតផង។
គ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ AFC A License រូបនេះបានលើកឡើងថា លោកនិយាយថា «ទាក់ទងតាំងពីលេងជាមួយ Hanoi មក យើងអនុវត្តជាមួយទម្រង់ការពារ រហូតដល់ប៉ះ Yangon បានធ្វើឲ្យការការពារល្អប្រសើរ។ ប៉ុន្ដែពេលជួបអាស៊ីអឺរ៉ុប វាកើតជាបញ្ហានៅតំបន់ប្រយុទ្ធវិញ។ ដូច្នេះពាក់ព័ន្ធនឹងក្ដីរំពឹងរក្សាជើងឯក ខ្ញុំមិនទាន់និយាយបាន ព្រោះខ្ញុំកំពុងរង់ចាំមើលប្រកួតបន្ទាប់ទៀត តែបើពួកគាត់នៅរក្សាការលេងកម្រិតហ្នឹង យើងអត់អាចរក្សាជើងឯកបានទេ»។
លោក មាស ចាន់ណា បានបន្តថា ពេលប៉ះអាស៊ីអឺរ៉ុប ថ្មីៗនេះមិនគួរណាក្រុមលោករកបានត្រឹម ១គ្រាប់ឡើយ ព្រោះក្រុមណាហ្គាវើល មានឱកាសច្រើនក្នុងការបញ្ចប់ទីតែធ្វើមិនបានសម្រេច។ លោកទទួលស្គាល់ថា ក្រុមខ្លួនពិតជាមានបញ្ហា និងខ្វះខាតច្រើនក្នុងការបញ្ចប់ទី ហើយបើរក្សាការលេងបែបនេះ វានឹងធ្វើឲ្យណាហ្គាវើលជួបការលំបាក ក្នុងការប្រជែងជើងឯក នារដូវកាលថ្មី។
ក្រុមណាហ្គាវើល មានអម្រែកដល់ទៅ៣នៅឆ្នាំ២០១៩ នេះពោលគឺត្រូវប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងត្រូវតំណាងឲ្យក្រុមកម្ពុជាប្រកួតក្នុងពានរង្វាន់លីគលំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2019។ ប្រកួតបន្តណាហ្គាវើល ត្រូវជួបក្រុមក្រសួងការពារជាតិ ក្នុងសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ បន្ទាប់មកត្រូវជួបក្រុមសិង្ហបុរី Tampines Rovers ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ AFC Cup 2019 ប្រចាំពូល F នៅថ្ងៃទី០២ ខែមេសា លើទីលានពហុកីឡដ្ឋានជាតិ៕
Source: Kampuchea Thmey Daily
0 Comments