Ad Code

ផ្ដន្ទាទោស​ស្រី​ស្អាត​ប្រុស​ស្អាត​២​នាក់​ជួញដូរ​គ្រឿងញៀន​២​គីឡូក្រាម​ដាក់ពន្ធនាគា​រ​ម្នាក់២១ឆ្នាំ



​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ហេង កេស​រោ នា​រសៀល​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​យុវជន​ប្រុស ស្រី ២​នាក់​ដាក់ពន្ធនាគារ​កំ​ណ​ត់ ក្នុង​ម្នាក់ៗ​២១​ឆ្នាំ និង​ពិន័យ​ប្រាក់​បង់​ចូល​ថវិកា​រដ្ឋ​ចំនួន​៤០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​តាម​មា​ត្រា​៤០​នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។

ជនជាប់ចោទ​ទី​១​ឈ្មោះ ផន ពិសី ភេទ​ស្រី អាយុ​២២​ឆ្នាំ និង​ជនជាប់ចោទ​ទី​២​ឈ្មោះ វិ​ន ច​ន្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ។

ក្នុង​សវនាការ​កាលពី​ថ្ងៃទី ១២​មិនា​កន្លងទៅ ឈ្មោះ ផន ពិសី បាន​សារភាព​ថា នាង​ជា​អ្នក​ស៊ី​ឈ្នួល​ទៅ​យក​គ្រឿងញៀន​នោះ​ ពី​បុរស​ម្នាក់​ឈ្មោះ​ធី​បាន​ចំនួន​៥​ដង ដោយ​ក្នុង​មួយដងៗ​មាន​គ្រឿងញៀន​ប្រហែល​ជាង​១​គីឡូក្រាម យក​មក​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ទី​ ដែល​ឲ្យ​នាង​ស្នាក់នៅ​ជាមួយ​ដោយ​បាន​កម្រៃ​ក្នុង​មួយ​ជើង​ពី​៣០​ទៅ​៥០​ដុល្លារ។

ផន ពិសី បាន​សារភាព​ទៀត​ថា មុនដំបូង​ឡើយ​នាង​មិន​ដឹង​ថា ​ឈ្មោះ​ទី​ធ្វើការ​អ្វី ឬ​រក​ស៊ីអ្វី​ទេ ដោយ​ជួល​ផ្ទះ​រស់នៅ​គេ​ជា​អ្នក​ចេញ​លុយ តែ​យក​ឈ្មោះ​នាង​ជា​អ្នក​ជួល។ លុះ​ក្រោយមក​ទើប​នាង​ដឹងថា​ ឈ្មោះ​ទី​រក​ស៊ី​លក់​គ្រឿងញៀន ប៉ុន្តែ​នៅ​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​នាង​ឈ្មោះ​ទី​បាន​គេច​ខ្លួន​បាត់​ពី​ផ្ទះ​មិនដឹង​ទៅណា។

ចំណែក​ឈ្មោះ​វិ​ន ច​ន្ធី បាន​សារភាព​ថា ​នៅ​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​គេ​ ត្រូវ​បាន​ឈ្មោះ​ធី ជិះ​ម៉ូតូ​ណៃ​ហ​ត​ធំ​ ជួល​ក្នុង​តម្លៃ​៣០​ដុល្លារ​ ឲ្យ​ទៅ​ឃ្លាំមើល​ឈ្មោះ​ផន ពិសី ពិតជា​បាន​ទៅ​យក​គ្រឿងញៀន​នៅ​កន្លែង​ណាត់គ្នា​ដែរ​ឬ​អត់ ភារកិច្ច​របស់​ខ្លួន​គឺ​ឃ្លាំមើល​ផន ពិសី​តែប៉ុណ្ណោះ។

សូម​រំលឹក​ថា ​ការបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ធ្វើឡើង​នៅវេលា​ម៉ោង​១​និង​២០​នាទី ថ្ងៃ​១៣ ខែកក្កដា ឆ្នាំ​២០១៨​ នៅ​ត្រង់​ចំណុច ផ្ទះ​ជួល​លេខ​១៣​អា ផ្លូវ​៦១៤ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ការ​បង្ក្រាប​នេះ ធ្វើឡើង​ដោយ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៣) សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដោយមាន​ការ​សម្របសម្រួល​ពី​លោក សឿ ឡងឌី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ផន ពិសី ភេទ​ស្រី ជនជាតិខ្មែរ និង​វត្ថុ​តាង មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១​ពាន់​២៩​ក្រាម ៧៩​មី​លី​ក្រាម និង​ថ្នាំ​គ្រាប់​មេ​តំ​ហ្វេ​តា​មីន (WY) ១០៩​ក្រាម ៥​មី​លី​ក្រាម​។ ឆ្លងតាម​ការស្រាវជ្រាវ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​១៥ ខែកក្កដា សមត្ថកិច្ច​បាន​ចាប់ខ្លួន​បក្សពួក​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ វិ​ន ច​ន្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ចំណុច​មុខ​បូរី​ឡាយ​គង់ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​រឹបអូស​បាន​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ICE) ៩៩៩​ក្រាម ៦៦​មី​លី​ក្រាម​។

​សរុប​ទាំងពីរ​ករណីនេះ សមត្ថកិច្ច​បាន​ចាប់បាន​គ្រឿងញៀន​សរុប​ទម្ងន់ ២​ពាន់​១៣៨​ក្រាម ៥​មី​លី​ក្រាម ក្នុងនោះ មេ​តំ​ហ្វេ​តា​មីន​(ICE) ២​ពាន់​២៩​ក្រាម​៤៥​មី​លី​ក្រាម និង WY ១០៩​ក្រាម ៥​មី​លី​ក្រាម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu