Ad Code

ជម្រុះ​ជើងឯក​ប្រចាំ​ទ្វីប ​៖ ​កូរ៉េខាងត្បូង ប៉ះ​តៃវ៉ាន់ ហើយ​កម្ពុជា ទទួល​អូស្ត្រាលី នៅ​ថ្ងៃ​សុក្រ​នេះ



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ទទួល​បាន​សិទ្ធិ​ធ្វើជា​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល H ប្រចាំ​ពានរង្វាន់​ជើងឯក​យុវជន​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំ (AFC U-23 Championship 2020) សម្រាប់​ឆ្នាំ​២០២០ ខណៈ​ការប្រកួត​ត្រូវ​ចាប់ផ្តើម​ពី​ល្ងាច​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​តទៅ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។



​កម្ពុជា ស្ថិតក្នុង​ពូ​ល H ជាមួយ​យុវជន U-23 អូស្ត្រាលី​, កូរ៉េខាងត្បូង និង ឆាយ​នី​ស​តៃប៉ិ (​តៃវ៉ាន់​) ដោយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២២ ខែ មិនា ឆ្នាំ ២០១៩ ខាងមុខ​។ កាលពី​ឆ្នាំ ២០១៧ កន្លងទៅ​កម្ពុជា ធ្លាប់​បានទទួល​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-23 នេះ​ម្តង​ហើយ ដោយ​កាលនោះ​ជួប​ជាមួយ ចិន​, ជប៉ុន និង ហ្វីលីពីន តែ​មិន​មានឱកាស​ឆ្លង​ផុត​វគ្គ​នេះឡើយ​។



សម្រាប់​ប្រកួត​បើកឆាក​នៅ​ថ្ងៃ​សុក្រ ទី​២២ ខែមីនា​ឆ្នាំ​២០១៩ ក្រុម​កូរ៉េខាងត្បូង ជួប​តៃវ៉ាន់ នៅវេលា​ម៉ោង​៥​ល្ងាច​ហើយ​ក្រុម​ម្ចាស់​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​អូស្ត្រាលី នៅ​ម៉ោង​៨​យប់​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២៤ ខែមីនា​ឆ្នាំ​២០១៩ ដោយ​ក្រុម​តៃវ៉ាន់ ជួប​អូស្ត្រាលី​នៅ​ម៉ោង​៥​ល្ងាច​និង​ក្រុម​កម្ពុជា ប៉ះ​កូរ៉េខាងត្បូង នៅ​ម៉ោង​៨​យប់​។ ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែមីនា ឆ្នាំ​២០១៩ ក្រុម​កូរ៉េខាងត្បូង ជួប​ក្រុម​អូស្ត្រាលី នៅ​ម៉ោង​៥​ល្ងាច​និង​ក្រុម​កម្ពុជា បន្ត​ប៉ះ​តៃវ៉ាន់ នៅ​ម៉ោង​៨​យប់​។

សម្រាប់​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​វគ្គ​ជម្រុះ​ជា​លើក​ទី​២​នេះ គឺ​បែង​ចែកចេញ ជា​២​ប្រភេទ​គឺមាន​តម្លៃ ១០,០០០​រៀល នៅ​តំបន់​មាន​កៅអី​ជ័រ និង ៥,០០០​រៀល តំបន់​គ្មាន​កៅអី​ជ័រ និង​អាច​ទស្សនា​បាន​២​ប្រកួត ក្នុង​ថ្ងៃ​តែមួយ​។



លោក Graham James Arnold គ្រូបង្វឹក​ក្រុម U23 អូស្ត្រាលី បាន​លើក​ឡើង​ជុំវិញ​មុន​ការប្រកួត​នៅ​កម្ពុជា មកដល់​ថា «​ពិតណាស់ យើង​មិនមាន​បញ្ហា​ប្រឈម​ឡើយ យើង​មក​ជា​មួយ​កីឡាករ​២៣​នាក់ ជា​កីឡាករ​ដែល​ខ្លាំង និង​រួចរាល់​សម្រាប់​ការប្រកួត​ថ្ងៃ​សុក្រ​នេះ​។ យើង​បាន​ចំណាយពេល​១​សប្ដាហ៍​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​រៀបចំ​សម្រាប់​ព្រឹត្តិការណ៍​នេះ ហើយ​យើង​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ពានរង្វាន់​នេះ​»​។ ចំណែក​លោក Felix Dalmas គ្រូបង្វឹក​របស់​ក្រុម U23 កម្ពុជា វិញ​ក៏បាន​លើក​ឡើង​ថា «​យើង​ពិតជា​រីករាយ​ដែល​បាន​ប្រកួត​ជាមួយ​ក្រុម​ខ្លាំងៗ ហើយក៏​រីករាយ​ដើម្បី​បង្ហាញ​នូវ​ភាព​រីកចម្រើន​របស់​យើង កាលពី​ព្រឹត្តិការណ៍​មុនៗ ហើយ​ពិតណាស់ ខ្ញុំ​ពិតជា​រីករាយ រីករាយ និង​រំភើប​ដើម្បី​ត្រៀម​ប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ​»​។

​បើ​ងាក​ទៅ​មើល​ប្រវត្តិ​នៅក្នុង​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីប​នេះ​ក្រុម​កម្ពុជា មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ​ដំបូង​នោះ​ទេ​ គិត​តាំងពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១៣​។ ចំណែក​ក្រុម​អូស្ត្រាលី វិញ​មិន​ធ្លាប់​ដណ្តើម​បាន​ជើងឯក​ដែរ​ក្នុង​រយៈពេល​៣​លើក​កន្លងមក ខណៈ​ក្រុម​នេះ​ធ្លាប់​ឡើងដល់​វគ្គ​ចែក​ពូ​ល​ប៉ុណ្ណោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu