Ad Code

មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​ ជំរុញ​ឲ្យ​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​ឯកជន​បើកប្រាក់​បៀវត្ស​ជា​ប្រាក់​រៀល​ជូន​ដល់ក​ម្មករ



ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ជំរុញ​ឲ្យ​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​ឯកជន​បើកប្រាក់​បៀវត្ស​ជា​ប្រាក់​រៀល​ជូន​ដល់​កម្មករ​របស់ខ្លួន​ដើម្បី​ចូលរួម​លើកកម្ពស់​ប្រាក់រៀល​ក្នុងស្រុក​ទាំងអស់គ្នា​។

ថ្លែង​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី លទ្ធផល​នៃ​ការអង្កេត​បឋម នៃ​គម្រោង​អង្កេត​ដំណាក់កាល​ទី​២ ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​នៅ​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​លោកស្រី​ទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា​បានលើកឡើង​ថា​ តាម​តួលេខ​បឋម នៃ​ការអង្កេត​ឃើញថា សម្រាប់​ភ្នំពេញ និង​ខេត្ត​សៀមរាប មានការ​ប្រើប្រាស់​លុយ​ដុល្លារ​ច្រើន​ជាង​គេ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ដៃ​ទែ​ទៀត ក្នុងនោះ​អ្នករក​លុយ​បាន​ច្រើន ភាគច្រើន​ជា​លុយ​បរទេស​ចំណែក​តាម​បណ្តា​រោងចក្រ សហគ្រាស​បាន​បើក​ប្រាក់ខែ​ជូន​កម្មករ​ជា​ប្រាក់​បរទេស​ផងដែរ។



លោកស្រី​បាន​បន្ត​ថា ​«​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល តាមរយៈ​ការ​បង់​លុយ​ជា​លុយ​ខ្មែរ ខ្ញុំ​ចង់​ឃើញ​បណ្តា​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​ឯកជន បើកប្រាក់​បៀវត្ស​ជា​ប្រាក់រៀល​ជូន​កម្មករ​របស់ខ្លួន ដើម្បី​ចូលរួម​លើកកម្ពស់​ប្រាក់​រៀល ដែល​ជា​ប្រាក់​ក្នុងស្រុក​ទាំងអស់គ្នា​»​។

លោកស្រី​នាវ ច័ន្ទ​ថា​ណា បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​ប្រាក់​រៀល​នេះ បច្ចុប្បន្ន​គ្រឹះស្ថាន​ម៉ាក្រូ​ហិរញ្ញវត្ថុ បាន​ចរាចរ​ប្រាក់កម្ចី​ជា​លុយ​ខ្មែរ ចំណែក​អ្នក​ខ្ចី​លុយ​ពី​ធនាគារ​វិញ ភាគច្រើន​ពួកគេ​ខ្ចី​ជា​លុយ​ដុល្លារ ក្នុង​នោះ​អ្នក​សន្សំ​លុយ ឬ​ការ​ដាក់​លុយ​ផ្ញើ​នៅ​ធនាគារ​វិញ ក៏​ភាគច្រើន​ជា​លុយ​ដុល្លារ​ដូចគ្នា​ដែល​បញ្ហា​នេះ​សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ គ្រឹះស្ថាន​ម៉ាក្រូ​ហិរញ្ញវត្ថុ ចូលរួម​លើកទឹកចិត្ត​ក្នុងការ​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​បាន​ផុលផុស។

ចំណែក លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​សមាគមន៍​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើង​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មានការ​ប្រើប្រាស់​ប្រាក់រៀល​ច្រើន ក្នុង​ការទិញ​សម្ភារៈប្រើប្រាស់ ក៏ដូចជា​ការចំណាយ​ផ្សេងៗ ប៉ុន្តែ​ចំពោះ​ការប្រើប្រាស់​ក្នុង​អាជីវកម្ម​វិញ ការប្រើប្រាស់​រៀល​ក៏មាន​ការកើនឡើង និង​ការប្រើប្រាស់​ប្រាក់​ដុល្លារ និង​ប្រាក់​បាត​នៅជាប់​ព្រំដែន ក៏មាន​ការកើនឡើង​ដូចគ្នា ដែលជា​បញ្ហា​នេះ​យើង​ត្រូវតែ​យកចិត្តទុកដាក់​ផងដែរ។

លោក Hidenobu Okada សាស្ត្រាចារ្យ​មកពី​សកល​វិទ្យាល័យ Hitosubashi ប្រទេស​ជប៉ុន បាន​លើក​ឡើង​ផង​ដែរ​ថា ​នៅក្នុង​ប្រទេស​កម្ពុជា​ដុល្លារ​នីយកម្ម​បាន​ចាប់​ផ្តើម​ឥត​ឈប់ឈរ គឺ​ជំនួស​ដល់​ប្រាក់​រៀល ទាំង​ការ​បង់លុយ​និង​ការ​សន្សំ​ដោយសារ​ទីផ្សារ​អំណោយផល ជាពិសេស​ទីផ្សារ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ ដូច្នេះ​ដុល្លារ​នីយកម្ម​នេះ​នៅតែ​បន្ត​រីកចម្រើន​ទៅទៀត គឺ​ដោយសារ​សេដ្ឋកិច្ច និង​លក្ខណៈ​អំណោយផល​របស់​ប្រទេស​កម្ពុជា។

លោកស្រី​នាវ ច័ន្ទ​ថា​ណា​បាន​បញ្ជាក់​ថា «​ខ្ញុំ​ជឿជាក់ថា ការប្រឹងប្រែង​រួមគ្នា​រវាង​ធនាគារជាតិ និង​អង្គការ JICA នឹង​អាច​សម្រេច​គោលដៅ​រួមគ្នា ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល​យ៉ាង​ងាយស្រួល ហើយ​ខ្ញុំ​សូម​ចូលរួម​យ៉ាងសកម្ម ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល នៅ​ទូទាំងប្រទេស​កម្ពុជា​»៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu