Ad Code

អ្នកចាំទី អ៊ុំ វិចិត្រ របស់​ក្រសួងការពារជាតិ របួស​ស្មា​ខាងឆ្វេង​អំឡុងពេល​ប្រកួត​ក្នុង​សប្ដាហ៍​ទី​១​នៃ​លី​គ​កំពូល​កម្ពុជា



​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ អ្នកចាំទី​ក្រសួងការពារជាតិ អ៊ុំ វិចិត្រ បាន​រង​របួស​ស្មា​ខាងឆ្វេង​របស់ខ្លួន ពេល​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ ១​ទល់​១ កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ ហើយ​របួស​នេះ​កើតឡើង​ដោយសារ​ការ​ហក់​សង្គ្រោះ​បាល់​ពុំបាន​សម្រេច ហើយ​បុក​និង​បង្គោល​ទី​។

អតីត​កីឡាករ​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា​៖«​ពេល​ហ្នឹង​ខ្ញុំ​ប្រឹង​លោត​មួយ​ទំហឹង ព្រោះ​ឃើញ​រាង​ឆ្ងាយ​ដែរ តែ​ដល់ពេល​ហក់​ទៅ​ក្រលេក​កន្ទុយភ្នែក​ឃើញ​បង្គោល​បាល់​ចូល ក៏​ប្រឹង​ផ្អៀងខ្លួន​ទម្លាក់​ស្មា​មក​មុន ហើយ​បុក​ខ្ទាំ​សាច់ដុំ​តែម្ដង​។ មួយថ្ងៃ​ពីរ​ថ្ងៃ​ដំបូង​រាង​ឈឺ​ខ្លាំង​ដែរ លើកដៃ​អត់​ចង់​រួច​ទេ ចូល​ហាត់​អត់​កើត​ទៀត​»​។ កីឡាករ អ៊ុំ វិចិត្រ បាន​បន្តថា ​របួស​ស្មា​នេះ​អាច​ចំណាយពេល​ព្យាបាល​យ៉ាងតិច​១​សប្ដាហ៍ ទើប​អាច​ចូល​ហ្វឹកហាត់​វិញ​បាន​។ រូបគេ​កំពុង​ត្រូវ​រង់​ចាំ​មើល​បន្ត​ទៀត ប្រសិនបើ​នៅតែ​បន្ត​អា​ការៈឈឺចាប់ ខ្លួន​ប្រហែល​ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​ព្យាបាល​។



​សូម​រំលឹក​ថា ​ក្រុម​ក្រសួងការពារជាតិ បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ ១​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ខណៈ​កីឡាករ Ramos Alexis របស់​ក្រុម​ភ្ញៀវ​តែ​ត​បញ្ចូល​ទី​នៅ​នាទី​៥៤ តែ​ចូលដល់​ម៉ោង​បន្ថែម​៩០+៦​នាទី​ទៅហើយ ទើប​ខ្សែការពារ​វ័យក្មេង កាន់ ពិសាល អា​ចរក​តាម​ស្មើ​បាន​វិញ​។

សូម​រំលឹក​ថា​ កីឡាករ អ៊ុំ វិចិត្រ មាន​ភាព​ល្បីល្បាញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ស្មើគ្នា​ជាមួយ​អ្នកចាំទី ស៊ូ យ៉ា​ទី របស់​បឹងកេត បច្ចុប្បន្ន​។ ប៉ុន្តែ​ជា​អកុសល​កីឡាករ​រូប​នេះ​បាន​របួស​ស្រាំ​ឆ្អឹង​ម្រាមដៃ នៅ​ចុងឆ្នាំ​២០១៤ ពេល​ចូលរួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ នៅ​ដើមឆ្នាំ ២០១៥ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្លិប​ក្រសួង​ការពារ​ផងដែរ​នោះ បាន​វះកាត់​ដៃ​ដែល​ឈឺ​របស់ អ៊ុំ វិចិត្រ បានសម្រេច​តែ​ត្រូវរបួស​នោះ​ទើបតែ​ជា​ដាច់ស្រឡះ​។

​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ នៅ​ឆ្នាំ​២០១៨ ហើយ​បន្ត​លេង​ជាមួយ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​កណ្តាល​រាជធានី​មួយ​នេះ​រហូតដល់​បច្ចុប្បន្ន​។ រូបគេ​ធ្លាប់​ជាប់​ឈ្មោះ​នៅក្នុង​ក្រុម​ជម្រើសជាតិ​តាំងពី​ឈុត U19 ដល់​ឈុត​ធំ​ផង​ដែរ​។ បច្ចុប្បន្ន​រូបគេ​កំពុង​ដើរតួជា​កីឡាករ​ផង​និង​ជា​គ្រូបង្វឹក​អ្នកចាំទី​ផង​ក្រោយ​គ្រូបង្វឹក​អ្នកចាំទី លោក សួង ភារ​ម្យ ចាកចេញ​ហើយ​ទៅ​ចូលរួម​ជាមួយ​ក្រុម​វិសាខា កាលពីដើម​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu