Ad Code

បើក​ម៉ូតូ​មិន​ប្រយ័ត្ន ​បុក​គ្នា​ពេញទំហឹង រង​របួស​ធ្ងន់​៥​នាក់​



​ប៉ៃលិន ​៖ កាលពី​វេលា​ម៉ោង​១៧​និង​៥០​នាទី​ ថ្ងៃអាទិត្យ ៥​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ក្នុង​ស្ថានភាព​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​រង​របួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​ខ្លះ​ទៀត​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ខេត្ត​បាត់ដំបង។

ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង​នៅ​ចំណុច​មុខទឹក​ស្អាត ស្ថិតនៅ​ភូមិបរ​ហ៊ុយ​ជើង សង្កាត់​បរយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។​

លោក​វរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ខាងលើ បណ្តាល​មកពី​កត្តា​មនុស្ស​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ដោយ​បើកបរ​មិន​ប្រកាន់​ស្តាំ និង​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស ស្រី​ចំនួន​៥​នាក់ រង​របួស​ធ្ងន់​តែម្តង។
ដោយ​ភាគី​ម៉ូតូ​បង្ក​ ឈ្មោះ ជា សុ​ខេន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​រកស៊ី ដោយ​បើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ប៉ៃលិន​១C-២៣៥១ ទិសដៅ​ពី​ត្បូង​ទៅ​ទិស​ខាងជើង ជា​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ រួមជាមួយ​អ្នកដំណើរ​ម្នាក់ទៀត​ ឈ្មោះ រឹម រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រកស៊ី រង​របួស​ធ្ងន់ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។​

លោក​អធិការ បាន​បន្តថា​ ចំណែក​ភាគី​ជនរងគ្រោះ​ជិះ​គ្នា​បីនាក់ ទី​១-​ឈ្មោះ រស់ សេរី​វ​ឌ្ឌ្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ពេទ្យ​ទាហាន ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ស្គុ​ប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BC-៦០០៦ បើកបរ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង រង​របួស​ធ្ងន់ ,​ទី​២-ឈ្មោះ ធី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មេផ្ទះ រងរបួស​ធ្ងន់ ទាំងពីរ​នាក់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា និង​ទី​៣-ឈ្មោះ គ​ន្ធា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស រងរបួស​ធ្ងន់ ទាំងអស់គ្នា​ មាន​ទីលំនៅ​ភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

លោក​បាន​បន្តទៀតថា​ ទាំង​ជន​បង្ក និង​ជនរងគ្រោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចំណែក​ខ្លះទៀត​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​ខេត្ត​បាត់ដំបង​ផងដែរ។​

បច្ចុប្បន្ន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន យក​ម៉ូតូ​ទាំងពីរ​គ្រឿង មក​រក្សាទុក ជា​បណ្ដោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu