រតនគិរី ៖ គោយន្តកែច្នៃមួយគ្រឿង ដឹកសម្ភារៈខួងអណ្ដូង បើកលឿន បែកកង់ ជ្រុលចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យកម្មករ និងថៅកែ៥នាក់ រងរបួសធ្ងន់ស្រាល។
ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់គោយន្តកែច្នៃខ្លួនឯង បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅ តាមបណ្ដោយផ្លូវជាតិលេខ៧៨ A ត្រង់ចំណុចក្បែរស្ថានីយប្រេង "គ៦០" ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
អធិការរងទទួលផែនសណ្ដាប់ធ្នាប់ លោក ពុធ សាវី បានឲ្យដឹងថា អ្នកបើកបរគោយន្ត ឈ្មោះ ជិន ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំដែក ឃុំរមន្នី ស្រុករវៀង ខេត្តព្រះវិហារ រងរបួសស្រាល។
អ្នករួមដំណើរ៤នាក់ រួមមាន ៖ទី១-ឈ្មោះ ឡ យ៉ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន របួសធ្ងន់ "ជាមេការ"។ ទី២-ឈ្មោះ តាំន់ ស៊ីណាត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងល្អក ឃុំរុំទុំ ស្រុករវៀង ខេត្តព្រះវិហារ មុខរបរកម្មករ រងរបួសស្រាល។ ទី៣-ឈ្មោះ ព្រូញ ភេទប្រុស អា២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជាមួយគ្នា រងរបួសធ្ងន់។ ទី៤-ឈ្មោះ ថន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរជាកម្មកររបស់ចិន រងបួសធ្ងន់។
លោក ពុធ សាវី បានបន្តថា មុនពេលកើតហេតុ គោយន្តខាងលើនេះ បានដឹកគ្រឿងខួងអណ្ដូងមកពីស្រុកអណ្តូងមាស ឆ្ពោះទៅខេត្តព្រះវិហារវិញ ខណៈមកដល់កន្លែងកើតហេតុ គោយន្តបានបែកកង់ខាងក្រោយ បណ្តាលឲ្យរេចង្កូតក្រឡាប់ផ្ងារជើងឡើងលើតែម្ដង។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ និងជួយអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះ។
បច្ចុប្បន្ន គោយន្ត ត្រូវបានកម្លាំងរដ្ឋបាលប៉ុស្តិ៍ត្រពាំងច្រេស រឹបអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកកូនមុំ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments