ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ចRULES ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន រំលឹកអំពីករណីក្លឹបកម្សាន្តរ៉ុក លក់គ្រឿងញៀន ថា ត្រូវតែរកឲ្យឃើញដល់ឫសគល់ និងអ្នកនៅពីក្រោយ នៃអំពើល្មើសគួរឲ្យស្អប់ខ្ពើមនោះ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ឥឡូវនេះ ស្ថានភាពបានផ្លាស់ប្ដូរច្រើនហើយ វាស្ទើរតែទាំងស្រុង អម្បាញ់មិញខ្ញុំព្រះករុណា ខ្ញុំ បានធ្វើដំណើរមកតាមផ្លូវនេះស្ទើរតែរៀងរាល់ថ្ងៃ ធ្វើដំណើរឆ្លងកាត់សាលាមួយនេះ ដែលនៅមិនឃ្លាតឆ្ងាយពីសាលាបឹងត្របែក គឺសាកលវិទ្យាល័យ ប៉ុន្តែឆ្លងកាត់អាកន្លែងចង្រៃមួយនោះ ដែលទើបរកឃើញថ្មីៗ ក្លឹបរ៉ក ដ៏មានការ ភ្ញាក់ផ្អើលផងដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ហេតុអ្វីបានជាកន្លែងមួយនេះ ទៅជាតំបន់បំផ្លាញនូវសេចក្តីសុខរបស់ប្រជាជន? សម្ដេច ពិតជាមានការរីករាយណាស់ដែលនគរបាលរបស់យើងបានបង្ក្រាបទាន់ពេលវេលា គួរតែបង្ក្រាបឲ្យបានមុននឹងទៅទៀត ប៉ុន្តែយើងទើបនឹងបង្ក្រាបបាន ជិតក្បែរសាលាស្រាប់ តែមានកន្លែងគ្រឿងញៀនមិនតូចនៅកន្លែងនេះទៅវិញ។ ដូច្នេះ សម្តេច សង្ឃឹមថាក្រសួងមហាផ្ទៃ នឹងបន្តចាត់វិធានការលើបញ្ហានេះ បូកជាមួយនឹងដំណើរការក្តីរបស់តុលាការ ត្រូវតែម៉ឺងម៉ាត់ជាមួយនឹងការមិនវិលត្រឡប់ នៃអំពើពាលាអាវាសែ សម្រាប់កន្លែងមួយនេះ( មជ្ឈមណ្ឌល រ៉ក) ដែលត្រូវដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ ត្រូវស្វែងរកឲ្យដល់ទីជម្រៅនូវមេខ្លោងរបស់វានេះ។
អញ្ចឹងត្រូវរកឲ្យឃើញ ព្រោះអ្វីដែលមានក្នុងដៃរួចមកហើយ ជាមធ្យោបាយឈានទៅរកការជីកឫសគល់ នៃ អ្នកជួញគ្រឿងញៀន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១ វេលាម៉ោង០១និង៣០នាទីរំលង អធ្រាត្រ ដែលដឹកនាំបញ្ជាផ្ទាល់ដោយឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញស ថេត និងដោយមានការដឹកនាំ សម្របសម្រួលពី លោក លី សុផាណា ព្រះរាជអាជ្ញារង នៃ អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអន្តរាគមន៍ ពិសេសស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបង្ក្រាបក្នុង បទល្មើសជាក់សែ្តង ទីតាំងមជ្ឈមណ្ឌលកម្សាន្តរ៉កផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់សម្រួល និងចាត់ចែងដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងចម្រុះបានត្រួតពិនិត្យ ទីតាំង ខាងលើ ចំនួន១៥បន្ទប់ រកឃើញ ឃាត់ខ្លួន មនុស្សចំនួន៣១១នាក់( ប្រុស២៥៦នាក់ ស្រី៥៥នាក់ ) និងចាប់យកបានវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បី សាកសួរ។
វត្ថុតាងសារធាតុញៀនចាប់យកសរុបរួមមាន ថ្នាំគ្រាប់អិចស្តាស៊ី គ្រវី១២គីឡូក្រាម ២១៩.២៦ ក្រាម កេតាមីន (Ketamine) ៨ គីឡូក្រាម ៩៣៥.០៦ ក្រាម , ថ្នាំបន្សាប (Nimetazepam)៣០៥.១០ក្រាម , មេតំហ្វេតាមីន (ICE)១.៦ ក្រាម , ហេរ៉ូ អ៊ីន (Heroine) ០.៦១ក្រាម , សរុបសារធាតុ ញៀនទម្ងន់ ២១ គីឡូក្រាម ៤៦១,៦៣ ក្រាម , កញ្ឆា ក្រៀម ទម្ងន់ ៦៦,៤៣ ក្រាម , ធ្វើតេស្តបឋមមិនច្បាស់លាស់ទម្ងន់ ១៥,១៤គីឡូក្រាម ( សង្ស័យ ធាតុគីមី ) សំបកវេចខ្ចប់ ( សំបក កែវ ចំនួន ២៤៧ , សំបកកេសនិងថង់ផ្លាស្ទីកមួយ ចំនួន ) ទម្ងន់ ប្រហែល ១២គីឡូក្រាមសរុប រួមទម្ងន់ ៖ ៤៩,៤៤ គីឡូក្រាម។
ប្រភពដែលជិតស្និទ្ធលោកឧកញ៉ា គិត ធាង បានឲ្យដឹងថា ខណៈពេលនេះ លោកឧកញ៉ា មិននៅក្នុងប្រទេសកម្ពុជាឡើយ ចាប់តាំងពីថ្ងៃសមត្ថកិច្ចបង្ក្រាបមជ្ឈមណ្ឌលកម្សាន្តរ៉ក ដែលជាកន្លែងប្រើប្រាស់គ្រឿងញៀន និងជាកន្លែងបំផ្លាញសង្គមជាតិ ធ្វើឲ្យប្រទេសជាតិបាក់មុខមាត់នោះ។
ប៉ុន្តែមនុស្សទាំង៣១១នាក់ គឺមានតែ១៧នាក់ប៉ុណ្ណោះ ជាប្រភេទក្មេងញៀនថ្នាំ ត្រូវបានបញ្ជូនមកតុលាការ។ ចំណែកជនជាតិចិនចំនួន១៣នាក់ ត្រូវបញ្ជូនទៅប្រទេសកំណើត។ រីឯមនុស្សជាង២០០នាក់ផ្សេងទៀត ត្រូវបានដោះលែងវិញទាំងអស់ សូម្បីឧកញ៉ា គិត ធៀង ជាម្ចាស់អាជីវកម្មដែលបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរមិនឲ្យមានការជួញដូរគ្រឿងញៀន ក៏អត់មានទោសពៃរ៍ ឬត្រូវចាប់ខ្លួនមកសួរនាំអំពីការចរាចរគ្រឿងញៀនយ៉ាងសន្ធឹកនេះដែរ៕
Source: Kampuchea Thmey Daily
0 Comments