Ad Code

លោក Trump ស្វែងរក​ប្រាក់​៨.៦​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ជញ្ជាំង​ព្រំដែន



ប្រធានាធិបតី​អាមេរិក​លោក Donald Trump កំពុង​ស្វែងរក​មូលនិធិ​ថ្មី​ចំនួន​៨.៦​ពាន់​លាន​ដុល្លារ​សម្រាប់​ជញ្ជាំង​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ ដែល​នេះ​ទំនងជា​បង្ក​ឲ្យ​មានការ​ប្រយុទ្ធ​តស៊ូ​មួយ​ផ្សេងទៀត​ជាមួយ​សភា។

សំណើ​កញ្ចប់​ថវិកា​ឆ្នាំ​២០២០ ​ដែល​ត្រូវបាន​គេ​កំណត់ថា​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​គឺអាច​នឹង​លើស​ឆ្ងាយ​ពី​ចំនួន​៥.៧​ពាន់​លាន​ដុល្លារ​ដែល​លោក Trump ទាមទារ​កាលពី​ឆ្នាំមុន។

សំណើ​មុន​នោះបាន​នាំ​ឲ្យ​មានការ​ជាប់គាំង​មួយ​ដែល​បណ្តាល​ឲ្យ​មាន​ការបិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​រយៈពេល​៣៥​ថ្ងៃ​ដែលជា​ការបិទ​យូរ​បំផុត​មិន​ធ្លាប់មាន។

មេដឹកនាំ​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi និង​លោក Chuck Schumer បាន​ថ្កោលទោស​ចំពោះ​រឿងនេះ​ដោយ​ព្រមាន​លោក Trump ថា បរាជ័យ​មួយ​ផ្សេងទៀត​នៅ​សភា​កំពុង​រង់ចាំ​គាត់។

ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេត​វិមាន​លោក Larry Kudlow បាន​យល់ស្រប​ថា សំណើ​ថ្មី​នេះ​ទំនងជា​មានន័យថា​គឺជា​ការប្រយុទ្ធ​តស៊ូ​ជាថ្មី​នៅក្នុង​សភា​ស្តីពី​ការផ្តល់​មូលនិធិ​ជញ្ជាំង​។​

លោក​បាន​ប្រាប់​កម្មវិធី “Fox News Sunday” ថា “​ខ្ញុំ​ស្មាន​ទុកជាមុន​ថា រឿងនេះ​នឹង​កើតឡើង​”​។​
​ប៉ុន្តែ​លោក Kudlow បាន​និយាយថា លោក Trump នឹង​បន្ត​តស៊ូ​ជាមួយ​ជញ្ជាំង​របស់គាត់​ហើយ​គាត់​នឹង​តស៊ូ​ជាមួយ​សន្តិសុខ​ព្រំដែន​របស់គាត់​។ ខ្ញុំ​គិតថា​វា​សំខាន់​ខ្លាំងណាស់។

ដោយឡែក លោក Kudlow បានបង្ហាញ​សុទិដ្ឋិនិយម​ថា កំណើនសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នឹង​កើនឡើង​លើសពី​៣​ភាគរយ​នៅ​ឆ្នាំ​២០១៩​និង​ខ្ពស់​ជាងនេះទៀត​។​

ការិយាល័យ​គ្រប់គ្រង​និង​ថវិកា​របស់​សេត​វិមាន​បាន​និយាយថា សំណើ​ថវិកា​របស់លោក​ប្រធានាធិបតី​ត្រូវការ​ការកាត់បន្ថយ​ចំនួន​២.៧​ពាន់​ពាន់​លាន​ដុល្លារ​ពោលគឺ​ខ្ពស់ជាង​រដ្ឋបាល​ផ្សេងទៀត​នៅក្នុង​ប្រវត្តិសាស្ត្រ។

សេចក្តីថ្លែងការណ៍​មួយ​ដោយ​នាយក​ស្តីទី​លោក Russ Vought បាន​និយាយថា ការកាត់បន្ថយ​នេះ​នឹងត្រូវ​បានសម្រេច​តាមរយៈ​ការកាត់បន្ថយ​ការចំណាយ​ខាង​ការពារ​ចំនួន​៥​ភាគរយ​នៅក្រោម​កម្រិត​ឆ្នាំ​២០១៩​ខណៈពេលដែល​ថវិកា​ប​ន្ថែ​ម​ទៀត​កំពុង​ត្រូវបាន​ស្នើសុំ​សម្រាប់​បញ្ហា​មួយចំនួន​ដូចជា​សន្តិសុខ​ព្រំដែន ការពារជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ការថែទាំ​ទាហាន​ជើងចាស់៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu