ភ្នំពេញ ៖ ជនសង្ស័យ២នាក់ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានជិះម៉ូតូ បាញ់ចំនួន២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ និងអ្នកដំណើរតាមផ្លូវលេខ២៧៦ កែង ១៤៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ដោយមិនដឹងមូលហេតុ។
តាមសម្ដីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរស២នាក់ ជិះម៉ូតូ១គ្រឿង លុះពេលជិះមកដល់ចំណុចខាងលើ ក៏បាញ់ចំនួន២គ្រាប់តែម្ដង មុនពេលគេចខ្លួនទៅបាត់។ ចំពោះហេតុការណ៍បាញ់បោះខាងលើនេះ គ្មាននរណាដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះឡើយ មិនដឹងថា តើជនសង្ស័យខឹងនរណា ឬមានជម្លោះជាមួយនរណានោះទេ។
បើតាមសាក្សីដដែល ក្រោយពេលបាញ់នោះ ក៏លេចមុខជនសង្ស័យផ្សេងទៀត បើកម៉ូតូមកដល់កន្លែងកើតហេតុវិញ ប្រុងរើសសំបកកាទូស្ណិ ប៉ុន្តែដោយសារឃើញសមត្ថកិច្ចទៅដល់ ក៏គេចខ្លួនតែម្ដង។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យជាក់ស្តែងនៅកន្លែងបាញ់ និងបានត្រឹមរើសសំបកកាទូស្ណិកាំភ្លើង ដើម្បីទុកធ្វើជាភស្តុតាងប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments