មនុស្ស៣នាក់ ដែលដឹងអំពីខ្លឹមសារនៃប្រអប់ខ្មៅបាននិយាយថា អ្នកបើកយន្តហោះ Boeing 737 MAX របស់ក្រុមហ៊ុន Lion Air បានស្វែងរកសៀវភៅ ខណៈពេលដែលពួកគេព្យាយាមយល់ពីមូលហេតុដែលយន្តហោះនេះសំយុងក្បាលចុះក្រោម ប៉ុន្តែអស់ពេលវេលាមុនពេលវាបុកទឹក។
ការស៊ើបអង្កេតទៅលើការធ្លាក់យន្តហោះនេះដែលបានសម្លាប់មនុស្សទាំងអស់១៨៩នាក់កាលពីខែតុលាបានបង្ហាញពីការពាក់ព័ន្ធថ្មីខណៈដែលរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) និងនិយតករដទៃទៀតបានផ្អាកម៉ូដែលនេះកាលពីសប្តាហ៍មុនបន្ទាប់ពីគ្រោះថ្នាក់សម្លាប់មនុស្សលើកទី២នៅប្រទេសអេត្យូពី។
ក្រុមអ្នកស៊ើបអង្កេតដែលកំពុងពិនិត្យមើលការធ្លាក់យន្តហោះឥណ្ឌូនេស៊ីកំពុងពិចារណាពីរបៀបដែលកុំព្យូទ័របញ្ជាឱ្យយន្តហោះដាំក្បាលចុះដើម្បីជាការឆ្លើយតបទៅនឹងទិន្នន័យពីឧបករណ៏ខូចនិងថាតើអ្នកបើកបរមានការហ្វឹកហ្វឺនគ្រប់គ្រាន់ដែរឬទេដើម្បីឆ្លើយតបយ៉ាងសមស្របទៅនឹងភាពអាសន្នក្នុងចំណោមកត្តាផ្សេងទៀត។
វាជាលើកទីមួយហើយដែលខ្លឹមសារនៃប្រអប់ខ្មៅពីជើងហោះហើររបស់ក្រុមហ៊ុន Lion Air ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Lion Air បាននិយាយថា ទិន្នន័យនិងព័ត៌មានទាំងអស់ត្រូវបានផ្តល់ទៅឱ្យក្រុមស៊ើបអង្កេតហើយបានបដិសេធធ្វើអត្ថាធិប្បាយបន្ថែម។
យោងតាមរបាយការណ៍បឋមដែលចេញផ្សាយកាលពីខែវិច្ឆិកាបានឱ្យដឹងថាកាពីតែនគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់យជើងហោះហើរ JT610 នៃក្រុមហ៊ុន Lion Air នៅពេលយន្តហោះថ្មីបានហោះចេញពីរដ្ឋធានីហ្សាការតាហើយមន្ត្រីទី១កំពុងគ្រប់គ្រងវិទ្យុ។
របាយការណ៍ក្នុងខែវិច្ឆិកាបានឱ្យដឹងថា ត្រឹមតែពីរនាទីប៉ុណ្ណោះក្នុងការហោះហើរ មន្ត្រីទី១ បានរាយការណ៍ពីបញ្ហាគ្រប់គ្រងជើងហោះហើរទៅកាន់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសហើយបាននិយាយថា អាកាសយានិកមានបំណងរក្សារយៈកម្ពស់៥,០០០ហ្វីត។
ប្រភពបឋមបាននិយាយថា កាពីតែនបានស្នើសុំមន្ត្រីទី១ឱ្យពិនិត្យមើលសៀវភៅណែនាំភ្លាមៗដែលមានបញ្ជីត្រួតពិនិត្យសម្រាប់ព្រឹត្តិការណ៍មិនប្រក្រតី៕REUTERS
Source: Kampuchea Thmey Daily
0 Comments