កណ្តាល ៖ ទីតាំងផ្ទះដាក់កោសជប់ យីហោ បាតដៃប្រសប់១៦៨ ដុះស្លែយូរហើយ ត្រូវបាននគរបាលការិយាល័យប្រឆាំងជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអង្គការមេត្រីអន្តរជាតិ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការបង្ក្រាបឃាត់ខ្លួនមនុស្សស្រីបាន០៧នាក់ ម៉ែយ៉ែមម្នាក់ រួមនឹងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទីយប់ ចំណុចផ្ទះម៉ាស្សាកោសជប់ យីហោ បាតដៃប្រសប់១៦៨ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានចំនួន០៦នាក់ ក្នុងនោះកូនចិញ្ចឹម០៣នាក់ និងស្រីៗបម្រើផ្លូវភេទ០៣នាក់ ក្នុងនោះមានអាយុ១៦ឆ្នាំម្នាក់។ ចំណែកម្ចាស់ទីតាំង ឈ្មោះ កាន់ កាឌី ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ជាម៉ែយ៉ែម។
នគរបាលបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ កម្លាំងការិយាល័យជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក រស់ សាវិន ប្រធានការិយាល័យ និងអង្គការមេត្រីអន្តរជាតិ សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ និងអាជ្ញាធរភូមិសង្កាត់ បានចុះមកបង្ក្រាបករណីខាងលើ ដោយឃាត់ខ្លួនបានម៉ែយ៉ែមម្នាក់ឈ្មោះ កាន់ កាឌី ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឆែកឆេរបន្ទប់ដែលដាក់សម្រាប់ម៉ាស្សា កោសជប់ លួចបម្រើផ្លូវភេទ ចំនួន១០បន្ទប់ រកឃើញវត្ថុតាងមួយចំនួនធំមានស្រោមអនាម័យ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងមួយចំនួនទៀតយកទៅការិយាល័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments