ប៉ូលិសបាននិយាយកាលពីថ្ងៃពុធថា បុរសពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌាពីបទចាប់រំលោភប្អូនស្រីអាយុ ១២ ឆ្នាំរបស់ពួកគេ ដែលក្រោយមកត្រូវបានកាត់ក្បាលដោយកាំបិត។
យោងតាមទិន្នន័យចុងក្រោយបង្អស់របស់រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសឥណ្ឌាមានកំណត់ត្រាដ៏អាក្រក់នៃការរំលោភបំពានផ្លូវភេទលើអនីតិជនដែលមានជាង ៣៦,០០០ ករណីបានរាយការណ៍នៅឆ្នាំ ២០១៦។
គណៈកម្មាធិការរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារនៅឆ្នាំ ២០១៤ បាននិយាយថា ជនរងគ្រោះពីការរំលោភសេពសន្ថវៈម្នាក់ក្នុងចំណោមបីនាក់នៅក្នុងប្រទេសឥណ្ឌាគឺជាអនីតិជន។ ស្ទើរតែពាក់កណ្តាលនៃអ្នករំលោភបំពានបានស្គាល់ចំពោះជនរងគ្រោះ។
ក្នុងករណីនេះពូអាយុ ៤០ ឆ្នាំរបស់ក្មេងស្រីក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយប៉ូលិសកំពុងស្វែងរកបងប្រុសច្បងក្រោយពីសាកសពត្រូវបានរកឃើញនៅក្នុងរដ្ឋ Madhya Pradesh កាលពីសប្តាហ៍មុន។
ជនជាប់ចោទដំបូងបានព្យាយាមដាក់កំហុសទៅលើគ្រួសារមួយនេះមុនពេលប៉ូលិសនៅក្នុងស្រុក Sagar រកឃើញភាពខុសគ្នានៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ហើយបានដឹងថា បងប្រុសច្បងបានបាត់បង់ខ្លួន។
អគ្គមេបញ្ជាការប៉ូលិសស្រុកលោក Amit Sanghi បានប្រាប់ AFP តាមទូរស័ព្ទថា "នោះគឺជាតម្រុយដ៏ធំមួយ" ។
លោកបាននិយាយថា "បុរសទាំងអស់ (បងប្អូនបីនាក់ និងពូម្នាក់) ជាប់ពាក់ព័ន្ធក្នុងការចាប់រំលោភក្មេងស្រី ហើយនៅពេលនាងគំរាមប្រាប់ប៉ូលិសពួកគេបានច្របាច់កនាងរហូតដល់ស្លាប់ និងកាប់ក្បាលរបស់នាង" ។
លោក Sanghi បាននិយាយថា ការធ្វើកោសល្យវិច័យបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេរំលោភ និងបានទទួលរងនូវការរួមភេទខុសធម្មតា។
លោកបានបន្តថា "ខ្ញុំមិនដែលឃើញឧក្រិដ្ឋកម្មបែបនេះនៅក្នុងជីវិតរបស់ខ្ញុំឡើយសូម្បីតែមេធាវីក៏បាននិយាយដែរថា ពួកគេមិនចង់តំណាងឲ្យជនជាប់ចោទក្នុងករណីនេះទេ"។
អត្រានៃការរំលោភបំពានខ្ពស់នៅតែបន្តថ្វីបើមានការផ្លាស់ប្តូរច្បាប់ក្រោយពីមានការរំលោភបំពានយ៉ាងឃោរឃៅមួយទៅលើនិស្សិតក្រុង Delhi នៅឆ្នាំ ២០១២ ដែលបានបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំនិងការរឹតបន្តឹងច្បាប់ក៏ដោយ។
ឧក្រិដ្ឋកម្មនោះ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងស្ត្រីនៅក្នុងប្រទេសឥណ្ឌាហើយបានឃើញការដាក់ទណ្ឌកម្មដ៏តឹងតែងចំពោះជនល្មើស ហើយការកាត់ទោសបានពន្លឿនតាមរយៈតុលាការ៕ AFP
Source: Kampuchea Thmey Daily
0 Comments