ប៉ៃលិន ៖ រោងតាំងពិព័រណ៍ប្រវែងជាង២០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥៧ ក្នុងក្រុងប៉ៃលិន ត្រូវបានប្រជាពលរដ្ឋ រួមជាមួយនឹងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការរិះគន់ទៅលើអាជ្ញាធរខេត្ត ក៏ដូចជា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ថាមិនត្រឹមត្រូវ ពោលគឺខុសច្បាប់ ខុសបច្ចេកទេស អត់ទំនង អាក្រក់មើលខ្លាំងណាស់។ ការលើកមតិរិះគន់នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំហៀងជាប់របងស្នងការខេត្ត លើបណ្ដោយផ្លូវជាតិលេខ៥៧ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យអ្នកយកព័ត៌មានដឹងថា នេះជាលើកទី១ហើយ ដែលពួកគាត់សង្កេតឃើញ រដ្ឋបាលខេត្តប៉ៃលិន អនុញ្ញាតឲ្យក្រុមឈ្មួញ យកផ្លូវសាធារណៈ ពោលគឺផ្លូវជាតិលេខ៥៧ ទៅសង់រោងដាក់ការតាំងពិព័រណ៍លក់ទំនិញយ៉ាងរំភើយ ដោយបិទផ្លូវជាតិអស់មួយចំហៀង មិនគិតខ្វល់ ពីអារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលធ្វើដំណើរចេញចូល ទៅមកក្នុងក្រុងប៉ៃលិនទាល់តែសោះ។
ប្រភពបន្តទៀតថា កាលពីមុនៗ គេឃើញខាងខេត្ត ធ្លាប់ដាក់តាំងពិព័រណ៍ ត្រឹមតែក្បែរផ្លូវថ្នល់ជាតិប៉ុណ្ណោះ។ ប៉ុន្តែប្រហែលជាលក់ដូរអត់សូវដាច់ ឬយ៉ាងណា បានជាយករោង ទៅដាក់សង់កណ្តាលផ្លូវជាតិ ដើម្បីឲ្យអតិថិជនឆាប់មើលឃើញងាយស្រួលចូលទិញទំនិញទេដឹង ហើយបើមានរថយន្តតូចធំបើកបរ ក្នុងល្បឿនលឿនជ្រុលចង្កូតប៉ះពារដល់ប្រជាពលរដ្ឋដែលចូលទៅទិញទំនិញ ឬអ្នកលក់ដូរ តើនរណាទទួលខុសត្រូវ?
ប្រភពព័ត៌មានក៏បានបញ្ជាក់ដែរថា បើប្រជាពលរដ្ឋវិញ នាំគ្នាសុំច្បាប់សាងសង់រោងការ ឬរោងបុណ្យត្រឹមតែ១ ឬ២ថ្ងៃ នៅលើចំហៀងផ្លូវសាធារណៈ ដោយសារផ្ទះនៅជាប់នឹងថ្នល់ គឺមិនអនុញ្ញាតច្បាប់ឲ្យនោះទេ តែបើក្រុមហ៊ុនឯកជនវិញ ចង់បិទផ្លូវសាធារណៈប៉ុន្មានថ្ងៃ ក៏មិនមានបញ្ហាអ្វីដែរ។
ពាក់ព័ន្ធការតាំងពិព័រណ៍លក់ទំនិញនេះដែរ ត្រូវបាន លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឲ្យដឹងតាមទូរស័ព្ទ កាលពីវេលាម៉ោង០៩និង៥០នាទីព្រឹក ថ្ងៃទី២០មីនានេះថា ៖ ការដាក់តាំងពិព័រណ៍ នៅលើផ្លូវជាតិលេខ៥៧ នេះ គឺមានការសម្របសម្រួលពីរដ្ឋបាលខេត្តរួចរាល់ហើយដែរ ដោយមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយយើងមានសមត្ថកិច្ចស្នងការ ចុះរៀបចំសណ្ដាប់ធ្នាប់ មិនឲ្យមានការកក់ស្ទះចរាចរណ៍ ឬគ្រោះថ្នាក់អ្វីកើតឡើងជាយថាហេតុនោះទេ ណាមួយក្នុងខេត្ត ក៏មានផ្លូវវាងច្រើនកន្លែងដែរ។
លោកប្រធានមន្ទីរបានបន្តថា ការតាំងពិព័រណ៍នេះ មានរយៈពេល៥ថ្ងៃ ដោយមានក្រុមហ៊ុនអាជីវករខ្មែរយើងទាំងអស់ មិនមានបរទេសនោះទេ។
ចំណែក លោកស្រី ជា លាភ អភិបាលរងខេត្ត ប៉ៃលិន ទទួលបន្ទុកអ្នកនាំពាក្យសាលាខេត្ត បានមានប្រសាសន៍ឲ្យដឹងដែរថា ការដាក់តាំងពិព័រណ៍នេះ គឺក្រុមការងារយើង បានឯកភាពជាមួយខាងរដ្ឋបាលខេត្តរួចរាល់អស់ហើយ ដោយពីមុនខាងខេត្ត បម្រុងដាក់តាំងនៅលើសួនមុខសាលាខេត្តដែរ ប៉ុន្តែដោយសារកំពុងធ្វើការជួសជុល ទើបបង្វែរទៅដាក់នៅលើផ្លូវថ្នល់វិញ។
លោកស្រី បានបន្តទៀតថា ការធ្វើពិព័រណ៍នេះ គឺចង់ទំនាក់ទំនង និងចង់ឲ្យគេដឹងថា ខេត្តប៉ៃលិនយើងមានសកម្មភាព ហើយនៅថ្ងៃទី២៥មីនា ខាងមុខនេះ គឺចប់សព្វគ្រប់ហើយ។ ម្យ៉ាងវិញទៀត បើពាក់ព័ន្ធទៅនឹងករណីចរាចរណ៍ ក៏អត់មានស្ទះអ្វីនោះទេ ព្រោះមានការរក្សាសណ្ដាប់ធ្នាប់បានល្អណាស់ ហើយនៅប៉ៃលិនយើង ក៏មានផ្លូវវាងជាច្រើនខ្សែ អាចជៀសពីផ្លូវនេះបានដែរ(សូមស្តាប់ការបញ្ជាក់បន្ថែមពីលោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន)៕
Source: Kampuchea Thmey Daily
0 Comments