ជនភៀសខ្លួនស៊ីរីម្នាក់និងកូនប្រុសរបស់គាត់ត្រូវបានបញ្ចុះនៅក្នុងប្រទេសនូវែលហ្សេឡង់កាលពីថ្ងៃពុធនៅក្នុងពិធីបុណ្យសពលើកដំបូងរបស់អ្នកដែលត្រូវបានសម្លាប់ក្នុងការសម្លាប់រង្គាលលើវិហារឥស្លាមចំនួនពីរ។
ជនជាតិអូស្ត្រាលីម្នាក់បានបាញ់សម្លាប់អ្នកកាន់សាសនាឥស្លាមចំនួន៥០នាក់នៅវិហារឥស្លាម២កន្លែងក្នុងទីក្រុង Christchurch ភាគខាងត្បូងកាលពីថ្ងៃសុក្រមុននៅក្នុងការសម្លាប់រង្គាលមួយដែលគាត់បានផ្សាយផ្ទាល់ហើយបង្កឱ្យមានការរំជើបរំជួលទូទាំងពិភពលោក។
មនុស្សរាប់រយនាក់ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាមបានប្រមូលផ្តុំគ្នាកាលពីព្រឹកថ្ងៃពុធនៅទីបញ្ចុះសពមួយដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវិហារ Linwood ដែលជាវិហារទីពីរដែលអ្នកថ្វាយបង្គំត្រូវបានកំណត់គោលដៅ។
នៅទីនោះ ពួកគេបានអធិស្ឋានហើយបួងសួងដល់លោក Khalid Mustafa និងកូនប្រុសអាយុ១៥ឆ្នាំរបស់គាត់ឈ្មោះ Hamza។
ក្រុមគ្រួសារនេះបានមកដល់កាលពីឆ្នាំមុនក្នុងនាមជាជនភៀសខ្លួនមកពីប្រទេសស៊ីរីដើម្បីស្វែងរកជម្រក។
លោក Khalid អាយុ៤៤ឆ្នាំនិង Hamza ត្រូវបានបាញ់សម្លាប់នៅឯវិហារ Al Noor ដែលជាកន្លែងវាយប្រហារលើកដំបូង។
លោក Khalid បានបន្សល់ទុកប្រពន្ធ កូនស្រីម្នាក់និងកូនប្រុសឈ្មោះ Zaid អាយុ១៣ឆ្នាំដែលបានរងរបួសនៅក្នុងការវាយប្រហារប៉ុន្តែបានរួចជីវិត។
នៅក្នុងទិដ្ឋភាពដ៏សោកសៅមួយ លោក Zaid បានអង្គុយនៅក្នុងរទេះរុញដោយដៃរបស់គាត់បានលើកឡើងខ្ពស់ខណៈដែលគាត់បានអធិស្ឋានជាមួយក្រុមអ្នកកាន់ទុក្ខ។
លោក Abdul Aziz ជាជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលក៏បានប្រឈមមុខនឹងខ្មាន់កាំភ្លើងនៅវិហារឥស្លាម Linwood ផងដែរ។ គាត់ត្រូវបានអោបក្រសោបដោយអ្នកកាន់ទុក្ខជាច្រើន។
ទុក្ខសោករបស់ក្រុមគ្រួសារមូស្លីមត្រូវបានគួបផ្សំជាមួយការបរាជ័យរបស់អាជ្ញាធរដើម្បីប្រគល់សាកសពដល់ក្រុមគ្រួសារឱ្យទាន់ពេលវេលាសម្រាប់ការបញ្ចុះសពឱ្យបានឆាប់រហ័សតាមតម្រូវការរបស់សាសនាឥស្លាម។
រហូតមកដល់ពេលនេះមានតែ៦នាក់ប៉ុណ្ណោះក្នុងចំណោមជនរងគ្រោះ៥០នាក់ដែលត្រូវបានបញ្ជូនត្រឡប់មកវិញ៕AFP
Source: Kampuchea Thmey Daily
0 Comments