កណ្តាល ៖ សមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ ចុះបង្ក្រាបមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន៧នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន៣៤កញ្ចប់ និងមធ្យោបាយសម្ភារៈវេចខ្ចប់ជាច្រើនទៀតកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ចំណុចភូមិជ្រោយព្រីង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ,ខេត្តកណ្តាល។
មុខសញ្ញាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីជួញដូរចែកចាយរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនទាំង៧នាក់នេះ ៖ ទី១.ឈ្មោះ គា មាន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ។ ទី២.ឈ្មោះ មិត្ត ទូច (ហៅ ហ៊ីង) ភេទប្រុស អាយុ23ឆ្នាំ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ។ ទី៣.ឈ្មោះ ក្រឹម ចន្នី ភេទប្រុស អាយុ32ឆ្នាំ នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ។ ទី៤.ឈ្មោះ លី ឈៀងថេង (ហៅទូច) ភេទប្រុស អាយុ33ឆ្នាំ នៅភូមិព្រែកស្វាយ,ឃុំឈើទាល,។ ទី៥.ឈ្មោះ ជា សុខអាណា ភេទស្រី អាយុ32ឆ្នាំ(ប្រពន្ធរបស់ឈ្មោះ លី ឈៀងថេង),ទី៦.ឈ្មោះ នាង ពៅ ភេទប្រុស អាយុ22ឆ្នាំ នៅភូមិស្ដៅកន្លែង,ឃុំដីឥដ្ឋ និងទី៧.ឈ្មោះ ប៉ូត រដ្ឋា ភេទប្រុស អាយុ22ឆ្នាំ នៅភូមិស្ដៅកន្លែង,ឃុំដីឥដ្ឋ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងជាបន្តបន្ទាប់រួមមាន ៖ ១/ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន សរុបចំនួន៣៤កញ្ចប់(ធំ២.មធ្យម១.តូច៣១)។ ២/ម៉ូតូចំនួន៣គ្រឿង(ម៉ាកCUB ជ្រុងC50 គ្មានស្លាកលេខមួយគ្រឿង)។ ម៉ាកយ៉ាម៉ាហាសេរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង។ ម៉ាកHongdaC125 គ្មានស្លាកលេខ។ ៣/ទូរសព្វដៃចំនួន13គ្រឿង និងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា នៅយប់មុនពេលកើតហេតុ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ និងប៉ុស្តិ៍ឈើទាល បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ក្នុងគោលបំណងរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាជន ស្របតាមការណែនាំរបស់ឯកឧត្ដមឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល។
លុះល្បាតមកដល់ចំណុចភូមិជ្រោយព្រីង,ឃុំកំពង់ស្វាយ វេលាម៉ោងប្រហែលជាង១០យប់ ថ្ងៃដដែល ក៏ប្រទះឃើញមុខសញ្ញា២នាក់ ១/ឈ្មោះគា មាន និង ឈ្មោះ មិត្ត ទូច(ហៅហ៊ីង) ជិះម៉ូតូ១គ្រឿង ម៉ាកCUBជ្រុង ពាក់ស្លាកលេខ "ភ្នំពេញ"1V.0396 ឌុបគ្នា ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច ក៏ឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់តូចយកមកសាកសួរ។
យោងតាមចម្លើយសារភាពរបស់មុខសញ្ញាទាំង២នាក់ខាងលើ ទើបសមត្ថកិច្ចបង្កើតគណៈកម្មការចុះធ្វើការស្រាវជ្រាវភ្លាមៗទាំងយប់ រហូតឈានទៅដល់ឃាត់ខ្លួនមុខសញ្ញាជួញដូរចែកចាយចំនួន៥នាក់ទៀតតែម្តង។
បច្ចុប្បន្ន មុខសញ្ញាជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវនគរបាលស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments