ប្រទេសអូស្ត្រាលីកាលពីថ្ងៃពុធ បានកាត់បន្ថយការទទួលយកជនអន្តោប្រវេសន៍ប្រចាំឆ្នាំជិត១៥ភាគរយ ហើយបានហាមឃាត់អ្នកមកដល់ថ្មីមួយចំនួនពីការរស់នៅក្នុងទីក្រុងធំ ៗ របស់ខ្លួនរយៈពេល៣ឆ្នាំក្នុងគោលបំណងបន្ធូរបន្ថយការកកស្ទះនៅតាមទីប្រជុំជន។
លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលីកំពុងជួបភាពអវិជ្ជមានមុនការបោះឆ្នោតសហព័ន្ធក្នុងខែឧសភាហើយសង្ឃឹមថានឹងទទួលបានភាពល្អប្រសើឡើងវិញពីអ្នកបោះឆ្នោតដែលខឹងសម្បាលើតម្លៃផ្ទះនិងការកកស្ទះ។
លោក Morrison បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា "នេះគឺជាបញ្ហាជាក់ស្តែងមួយដែលអូស្ត្រាលីចង់ដោះស្រាយ" ។ លោកបានលើកឡើងបែបនេះបន្ទាប់ពីការប្រកាសថា ការទទួលយកជនអន្តោប្រវេសន៍ប្រចាំឆ្នាំនឹងត្រូវកាត់បន្ថយដល់១៦០,០០០នាក់ដែលកាលពីមុនមាន១៩០,០០០នាក់។
ការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍នេះបានកើតឡើងចំពេលមានការឆ្លុះបញ្ចាំងទូទាំងប្រទេសអំពីអាកប្បកិរិយារបស់អូស្ត្រាលីចំពោះជនអន្តោប្រវេសន៍បន្ទាប់ពីការបាញ់ប្រហារលើមនុស្សយ៉ាងតិច៥០នាក់នៅវិហារឥស្លាម២ក្នុងទីក្រុង Christchurch របស់ប្រទេសនូវែលហ្សេឡង់។
ជនសង្ស័យអូស្ត្រាលីឈ្មោះ Brenton Tarrant អាយុ២៨ឆ្នាំត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកាលពីថ្ងៃសៅរ៍បន្ទាប់ពីខ្មាន់កាំភ្លើងរូបនេះបើកការបាញ់ប្រហារអំឡុងពេលអធិស្ឋានថ្ងៃសុក្រ។
ការស្ទង់មតិរបស់ ReachTel ដែលចេញផ្សាយកាលពីខែកញ្ញាបានបង្ហាញថា ប្រជាជនរស់នៅទីក្រុងស៊ីដនីចំនួន៦៣ភាគរយបានគាំទ្រការកាត់បន្ថយចំនួនជនចំណាកស្រុកដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុងធំបំផុតរបស់អូស្ត្រាលីមួយនេះ៕REUTERS
Source: Kampuchea Thmey Daily
0 Comments