Ad Code

មនុស្ស​២​នាក់​ រងរបួស​ធ្ងន់ ​និង​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ ខ្វះ​ការប្រុងប្រយ័ត្ន​​



​រតនគិរី ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ ខណៈ​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ធ្ងន់​ស្រាល ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​អង្គារ ១៤​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ចំណុច​មុខ​ផ្ទះ​ជាង​កេ​ន ស្ថិតនៅ​ក្នុងភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស​។​

​មន្ត្រីនគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ សេវ បឺ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ច្រាយ រងរបួស​ស្រាល ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ឆ្លាម ពណ៌​ស អត់​ស្លាក​លេខ បច្ចុប្បន្ន​រស់នៅ​ភូមិ​តាំង​ជិ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​

​រីឯ​អ្នកបើកបរ​ម្នាក់ទៀត​ ឈ្មោះ គុណ គួ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ រងរបួស​ធ្ងន់ បច្ចុប្បន្ន​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Q 8119​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​អន្តរាគមន៍​ដឹកបញ្ជូន​នាក់​រងរបួស​ធ្ងន់​ទៅកាន់​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស​ដើម្បី​ជួយសង្គ្រោះ​។​

​ដោយឡែក​ មធ្យោបាយ​ទាំង​២​គ្រឿង ​ត្រូវបាន​កម្លាំង​ជំនាញ​រឹបអូស​យកមក​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​អណ្តូង​មាស ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu