Ad Code

អភិបាលខេត្ត​ស្ទឹងត្រែង បញ្ជា​កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​រថយន្ត​សាំ​យ៉ុង​ ដឹកឈើ​ចេញពី​រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល​អន្លង់​ជ្រៃ​



ស្ទឹងត្រែង ៖ ដោយសារ​បែកធ្លាយ​ករណី​ដឹកឈើ​ចេញពី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល​អន្លង់​ជ្រៃ ចំនួន 3 រថយន្ត​សាំ​យ៉ុង កាលពី​ថ្ងៃទី​16 ,17 ,18 ខែ​មីនា ​ឆ្នាំ​2019 ឯកឧត្ដម ​ម៉ុម​ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​នៅ​ថ្ងៃទី19 ខែ​មីនា​ ឆ្នាំ 2019 បាន​បញ្ជា​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ ដល់​សង្កាត់រដ្ឋបាល​ព្រៃឈើ ដែល​ស្ថិតនៅតាម​ដងផ្លូវ​ជាតិ​លេខ 9 ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្ត​ស្ទឹងត្រែង​។​

ក្នុង​កិច្ចសហប្រតិបត្តិការ​ដឹក​នាំ​ដោយ លោក​វរសេនីយ៍ឯក​ វ៉ា​ សុផាន់​ នាយការិយាល័យ​ប្រឆាំង​បទ​ល្មើស សេដ្ឋកិច្ច ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទទួល​បេសកកម្ម របស់​អភិបាលខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា ​មាន​ករណី​ដឹកឈើ​ចេញពី​សង្កាត់រដ្ឋបាល​ព្រៃឈើ ព្រះ​រំកិល​នេះ រយៈពេល 3 ថ្ងៃ​កន្លងមក​មិនដឹងថា​ ដឹកចេញទៅ​ធ្វើ​អ្វី ទើបបាន​អភិបាលខេត្ត​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចុះមក​ធ្វើការ​ត្រួត​ពិនិត្យ ឃើញថា ​មាន​ករណី​ដឹកឈើ​ចេញពី សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល​យ៉ាងពិត​ប្រាកដ​តាម​រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ដោយ ឈ្មោះ​ យ៉េន រស់នៅ​ភូមិ​វាល​ដេញ ហើយ​សមត្ថកិច្ច បាន​កំពុងតែ ធ្វើ​កំណត់ហេតុ ជុំវិញ​ករណីនេះ​។​

លោក​ វ៉ា សុខា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ថា​ឡា​បរិ​វ៉ា​ត់​ បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា​ ឈើ​ទាំង​នេះ ​គឺ​ដឹក​ទៅ​ដា​ក់នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តស្ទឹងត្រែង​ ដើម្បី​ធ្វើជា​គ្រឿង​បំពាក់ ប្រើប្រាស់​ក្នុង​មន្ទីរ។​

ដោយឡែក លោក​ អឿ ​គឹម​ហេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ព្រះ​រំកិល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ឈើ​ទាំងនេះ គឺប្រធាន​មន្ទីរ កសិកម្ម បាន​ដើរ​សុំ​ពី​ប្រជាជន យកមក​ទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​នេះ ហើយ​ខ្ញុំ គ្រាន់តែ​ជា​អ្នក​មើលថែ និង​ដឹកជញ្ជូន​តែប៉ុណ្ណោះ រឿង​អ្វី​ផ្សេងទៀត ខ្ញុំ​អត់​ដឹង​ទេ​។​

ឈ្មោះ យេន ជា​ម្ចាស់​រថយន្ត សាំ​យ៉ុង​ដឹកឈើ​នោះ បានបញ្ជាក់​ប្រាប់ថា ​ខ្លួន បានតែ​ដឹកឈើ តាម​បទបញ្ជា​របស់​រដ្ឋបាល​ព្រៃឈើ ដឹក​ចេញពី​សង្កាត់រដ្ឋបាល​ព្រៃឈើ ព្រះ​រំកិល ដែល​ស្ថិតនៅ តាម​ដង​ផ្លូវ​ជាតិ លេខ 9 ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ចំនួន 3​រថយន្ត រយៈពេល 3​ថ្ងៃ គឺ ចាប់ពី​ថ្ងៃ ទី 16, 17 ,18 ខែមីនា ឆ្នាំ​2019 ហើយ​ឈើ​ទាំងអស់នេះ គឺ​បាន​ដឹកយក មក​ទុក​នៅ ឃ្លាំង​សិប្បកម្ម របស់​វៀត​ណាម ស្ថិតនៅ​ខាងក្រោយ ព្រះរាជដំណាក់​ចាស់ ក្រុង​ស្ទឹងត្រែង ដោយ​អត់​បាន ដឹក​ទៅ​ទុក​នៅ​មន្ទីរ​កសិកម្ម​នោះទេ​។​

ករណីនេះ គេ​សន្និដ្ឋានថា ពិតជា ដឹក​យកមក​លក់​ឲ្យ​សិប្បកម្ម​នោះ​យ៉ាង​ជាក់ស្ដែង ដោយសារតែ ការ​ដឹកឈើ​ទាំងនេះ គឺ​អត់​បាន ធ្វើ​កំណត់ហេតុ កំណត់ បរិមាណ​ឈើ និង​មិនបាន​រាយការណ៍​ដល់​ថ្នាក់ដឹកនាំ ហើយ​មធ្យោបាយ ដឹកឈើ​នោះ និង ម្ចាស់​នយោបាយ នោះ ទៀតសោត​គឺជា​មធ្យោ​បាយ មុខសញ្ញា​រកស៊ី​ដឹកឈើ​ជាប្រចាំ ដូចនេះ លោក ​អឿ​ គឹម​ហេង នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ព្រះ​រំកិល លោក​ វ៉ា​ សុខា នា​ផ្នែក​រដ្ឋបាល​ព្រៃឈើ ថា​ឡា​បរិ​វ៉ា​ត់ គឺ មានការ​ឃុបឃិត ជាមួយ​ជន​ល្មើស យ៉ាងពិត​ប្រាកដ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu