ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងវៀតណាមឆ្នាំ២០១៨មានទឹកប្រាក់ទឹកប្រាក់៤,៦៨ពាន់លានដុល្លារអាមេរិកកើនឡើងជាង១០% ដែលបានជួយលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនថែមទៀត។
តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងចំណោមទឹកប្រាក់៤,៦៨ ពាន់លានដុល្លារនេះ ក្នុងនោះការនាំចេញពីវៀតណាមមកកម្ពុជាមានចំនួន ៣,៧៤ពាន់លានដុល្លារខណៈការនាំចេញពីប្រទេសកម្ពុជាមានចំនួនត្រឹមតែ៩៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ។
តាមរបាយការណ៍ដដែលបានបន្តថា បច្ចុប្បន្នវៀតណាម គឺជាដៃគូវិនិយោគធំបំផុតទី៥ របស់កម្ពុជាដោយមានការវិនិយោគរបស់ក្រុមហ៊ុនវៀតណាម នៅប្រទេសកម្ពុជាមានប្រមាណ២០៦គម្រោង ស្មើនឹងទឹកប្រាក់ជាង៣ពាន់លានដុល្លារ ខណៈក្រុមហ៊ុនរបស់កម្ពុជា វិនិយោគនៅប្រទេសវៀតណាម មានត្រឹមតែ១៨គម្រោង ស្មើនឹងទឹកប្រាក់ជិត៦០លានដុល្លារ ប៉ុណ្ណោះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានអំពាវនាវឲ្យវិស័យឯកជនកម្ពុជា-វៀតណាម បង្កើនការវិនិយោគទៅវិញទៅមកដើម្បីឈានទៅសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥ពាន់លានដុល្លារអាមេរិកដែលបានកំណត់កាលពីឆ្នាំ២០១៥ និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ដោយមើលឃើញពីសក្តានុពលនៅប្រទេសកម្ពុជាមានក្រុមហ៊ុនវៀតណាមជាច្រើនបានមកបណ្តាក់ទុននិងវិនិយោគព្រមទាំងនាំចូលនូវសម្ភារៈបរិក្ខារផ្សេងៗដើម្បីមកផ្គត់ផ្គង់នៅទីផ្សារប្រទេសកម្ពុជា។ ជាក់ស្តែងដូចជាក្រុមហ៊ុនរាំងដុងដែលបាននាំចូលនូវសម្ភារៈអគ្គិសនីបានសម្រេចនាំចូលមកចែកចាយនៅប្រទេសកម្ពុជាផងដែរ។
លោក ចិន ជុងទឿង អគ្គនាយករងក្រុមហ៊ុនរាំងដុងដែលបាននាំចូលផលិតផលសម្ភារៈអគ្គិសនីមកទីផ្សារប្រទេសកម្ពុជាបានមានប្រសាសន៍ថាការសម្រេចនាំចូលនូវអំពូលអគ្គិសនីមកលក់ក្នុងទីផ្សារកម្ពុជានេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវតម្រូវការសម្ភារៈអំពូលអគ្គិសនីខ្ពស់ដោយសារតែ វិស័យសំណង់ ខុនដូ ផ្ទះល្វែងនិងលំនៅឋាននៅកម្ពុជាមានការរីកលូតលាស់ខ្លាំង។ ជាងនេះទៀត ដើម្បីចូលរួមលើកម្ពស់ទំហំវិនិយោគឲ្យស្របទៅតាមទិសដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់ដល់៥ពាន់លានដុល្លារអាមេរិក។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការបង្ហាញផលិតផលអំពូលអគ្គិសនីកាលពីរាត្រីថ្ងៃទី១៩ខែមីនាឆ្នាំ២០១៩នៅសណ្ឋាគារហ្គ្រេត ឌុក លោកបានបន្តថា អំពូលអគ្គិសនីម៉ាករាំងដុងនេះផលិតតាមស្តង់ដារអន្តរជាតិដោយមិនធ្វើឲ្យប៉ះពាល់បរិស្ថាន ស៊ីភ្លើងតិចជួយសន្សំសំចៃដល់អ្នកប្រើប្រាស់ទៀតផងដែលបច្ចុប្បន្នផលិតផលនេះបាននាំចេញទៅកាន់ប្រទេសចំនួន៣៦ប្រទេសនៅលើពិភពលោក៕
Source: Kampuchea Thmey Daily
0 Comments