ភ្នំពេញ ៖ គិតមកទល់ពេលនេះ តារាចម្រៀងប្រុស លោក យ៉ែម សំអូន និង អតីតភរិយា អ្នកនាង យ៉ាន លីនដា គឺបានបែកគ្នាមានរយៈពេលជិត៤ឆ្នាំមកហើយ ខណៈដែលបច្ចុប្បន្ន លោក យ៉ែម សំអូន កំពុងរស់នៅជាមួយអាជីពការងារសិល្បៈស្រុកខ្មែរ។ ចំណែកឯអតីតភរិយា អ្នកនាង យ៉ាន លីនដា ក៏កំពុងរស់នៅឯក្រៅប្រទេសជាមួយកូនស្រីជាទីស្រលាញ់របស់ខ្លួន។
ដោយសារតែក្តីនឹករលឹកចំពោះកូនស្រី លោក យ៉ែម សំអូន មុននេះបន្តិច បានផ្ញើពំនោលតាមបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈការរៀបរាប់ពីក្ដីបារម្ភ ក្នុងនាមខ្លួនជាឪពុក ចំពោះកូនស្រីជាទីស្រលាញ់ ដែលកំពុងរស់នៅនៅឯនាយសមុទ្រជាមួយអតីតភរិយាជា តារាចម្រៀងរូបស្រស់ អ្នកនាង យ៉ាន លីនដា រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានបង្ហាញការអាណិតដល់តារាប្រុសរូបនេះដែលបានឃ្លាតឆ្ងាយទ្រូងពីកូនស្រី។
ភ្ជាប់នឹងរូបថតអនុស្សាវរីយ៍ជាមួយកូនស្រីវ័យជំទង់ លោក យ៉ែម សំអូន បានបរិយាយសារយ៉ាងដូច្នេះថា ថ្ងៃនេះ ក៏មិនសូវជាខុសអ្វីពីរាល់ថ្ងៃដែរ បើកភ្នែកភ្លាម ទឹកភ្នែកក៏ហូរចុះមក មានអារម្មណ៍ថា នឹកម្នាក់នេះដល់ហើយ កូនក្រមុំអ្នកណាគេទេ ស្អាតក៏ស្អាត សុភាព ទន់ភ្លន់ ចេះគោរពស្គាល់ ចាស់ ស្គាល់ទុំ ហើយវាក៏ជាសំណាងមួយដែលក្នុងនាមយើងជាឪពុកគេ។
តារាប្រុសពោះម៉ាយ លោក យ៉ែម សំអូន បានរៀបរាប់បន្តទៀតថា សំណាងមួយរបស់ប៉ាប៉ា(ឪពុក)
ដែលវាជាទ្រព្យមិនអាចកាត់ថ្លៃបាននៅក្នុងមួយជីវិតរបស់ប៉ាប៉ា(នឹកកូនពេកទើបប៉ា ចេះសរសេរចេញពីចិត្តរបស់ប៉ា) អ្នកមិនដឹង គេត្រឹមតែថា ម្ដេចមិនទៅជួប គេមិនដឹងថាកូនគេចប៉ាមិនតបសារប៉ា មិនលើកទូរស័ព្ទប៉ាឯណា ប៉ាជាមនុស្ស មិនមែនទេវតាដែលអាចដឹងបានគ្រប់រឿងឯណា។
លោក យ៉ែម សំអូន ក៏បានបន្ថែមថា ដឹងត្រឹមតែថាប៉ារក្សាចិត្តអំណត់មិនឱបភាពក្ដៅក្រហាយជាប់នឹងខ្លួន ស្រលាញ់កូន និងបានធ្វើល្អបំផុត ហើយលើសពីនឹងអត់ទេ ព្រោះប៉ានៅតែជាប៉ារបស់កូន ដាច់ខាត ប៉ា មិនឲ្យកូនបាបឡើយ ប៉ាព្រមទទួលម្នាក់ឯង។ តើមានមនុស្សប៉ុន្មានអ្នកដែលយល់អារម្មណ៍មួយនេះ?។
គួររំឭកថា កាលពីពាក់កណ្ដាលឆ្នាំ២០១៥ ដំណឹងចែកផ្លូវរវាង លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា បានធ្វើឲ្យកក្រើកពិភពសិល្បៈ ក្រោយពី អ្នកនាង យ៉ាន លីនដា បានវេចបង្វេចឡើងយន្តហោះ ទៅកាន់ដែនកោះអូស្ត្រាលី ក្រោយពេលអតីតស្វាមីភរិយា១គូនេះ បានផ្ទុះជម្លោះរហូតបង្កហិង្សា។ យ៉ាងណាមិញ ក្រោយចំណងស្វាមី ភរិយា ត្រូវបានកាត់ផ្ដាច់ពី អ្នកនាង យ៉ាន លីនដា តារាចម្រៀងពោះម៉ាយ លោក យ៉ែម សំអូន កន្លងមក បានបង្ហាញរូបភាពស្ដែងអំពីកាតព្វកិច្ចជាឪពុក ដ៏ល្អមកលើកូនស្រីសំណព្វ យ៉ែម វិរូនីខា (សំអូន វិថាណា)ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments