កំពង់ឆ្នាំង ៖ មនុស្សម្នាក់ ស្លាប់ និង៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ដោយសាររ៉ឺម៉កម៉ូតូមួយគ្រឿង បុកជាមួយម៉ូតូផ្សេងទៀត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង៤០នាទីរសៀល ថ្ងៃទី២២មីនា នៅចំណុចផ្លូវកែងក្នុងភូមិ ជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុកជលគីរីបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H 0២៨៩ បើកដោយ ឈ្មោះ ស្រន ជ្រឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ឌុបមនុស្ស២នាក់ ទី១/ឈ្មោះ ម៉ែត ភូម ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធ។ ទី២/ ឈ្មោះ ជ្រឿន ស្រីណាក់ ភេទស្រី អាយុ២៦ឆ្នាំ បានជិះម៉ូតូ ក្នុងទិសដៅពីជើងទៅត្បូង ជាផ្លូវខ្វែងគ្នា បានបុកជាមួយរ៉ឺម៉កម៉ូតូដឹកទឹកកក បើកបរដោយ ឈ្មោះ បឿន ថេត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ព្រៃគ្រីត្បូង បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ ស្រ៊ន ជ្រឿន បានស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយពេល កើតហេតុ អ្នករបួសធ្ងន់៣នាក់ទៀត ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពព្រៃគ្រី ដោយសារសភាពអ្នករបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តរបស់មណ្ឌលសុខភាព បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ដើម្បីជួយសង្គ្រោះបន្ទាន់។ ដោយឡែក អ្នកស្លាប់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យខូចខាតម៉ូតូ និង រ៉ឺម៉កទាំង២គ្រឿង (ស្រាល) ត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments