កណ្តាល ៖ លោក រ័ត្ន មុនី ប្រធាននាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ និង លោកស្រី ព្រមទាំងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ និង ផ្តល់អំណោយ ឧបត្ថម្ភមួយចំនួនដល់ភូមិកុមារអរុណរះ នៃអង្គការមូលនិធិអូស្ត្រាលីកម្ពុជា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុងឱកាសនេះ ជំនួយការនាយកប្រចាំប្រទេស នៃអង្គការមូលនិធិ អូស្ត្រាលីកម្ពុជា លោកស្រី ឡេង បុណ្ណា មានប្រសាសន៍ថា នេះជាកាយវិការប្រកបដោយ មនុស្សធម៌របស់មន្ត្រីនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារចំពោះកុមារ កំព្រា និង កុមារងាយរងគ្រោះ។
លោកស្រី ឡេង បុណ្ណា បានគូសបញ្ជាក់ថា បើគ្មានការជួយពីសប្បុរសជននោះទេ ក៏ មជ្ឈមណ្ឌលរបស់លោកស្រីមិនអាចដំណើរការរហូតមកដល់ថ្ងៃនេះបានទេ។
លោកស្រីថា អង្គការមូលនិធិអូស្ត្រាលីកម្ពុជា ត្រូវបានបង្កើតឡើងដោយលោកស្រី Geralbine នៅក្នុងឆ្នាំ ១៩៩៣ ដើម្បីជួយដល់កុមារកំព្រា និង កុមារងាយរងគ្រោះកម្ពុជា ហើយនៅទីនេះ អង្គការមាន បុគ្គលិក៤០នាក់ និង កុមារសរុបចំនួន៧៨នាក់ ក្នុងនោះមាន៩នាក់ កំពុងសិក្សានៅមហា វិទ្យាល័យ និង ៧នាក់ផ្សេងទៀត កំពុងរៀនជំនាញវិជ្ជាជីវៈនៅសាលាដុនបូស្កូ។
លោកស្រី ឡេង បុណ្ណា បានឲ្យដឹងថា កុមារទាំងអស់នៅទីនេះ គឺទទួលបានការសិក្សា នៅសាលារដ្ឋ និង ថ្នាក់បន្ថែមនៅក្នុងមណ្ឌលដូចជាថ្នាក់ភាសាអង់គ្លេស កុំព្យូទ័រ របាំ ភ្លេង និង កីឡាផងដែរ។
ថ្លែងទៅកាន់ក្រុមកុមារនៅភូមិកុមារអរុណរះ ប្រធាននាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ លោក រ័ត្ន មុនី ថាលោកក៏ធ្លាប់ជាកុមារកំព្រាផងដែរ ដោយឪពុកម្តាយរបស់លោក ត្រូវបានពួក ប៉ុល ពត កាប់សម្លាប់ ហើយជាមួយគ្នានេះភរិយារបស់លោកក៏ជាក្មេងកំព្រា និង ធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំព្រាដូចគ្នា និងលោកផងដែរ។
លោកថា ជីវិត ជាកុមារកំព្រា គឺពិតជាពិបាកខ្លាំងណាស់ ជាពិសេសជីវិតដែលរស់នៅដោយការបាត់បង់ឪពុក ម្តាយជាទីស្រឡាញ់នោះឯង។
លោកបានបន្តថានេះ ជារឿងដែលយើងមិនចង់ជួប តែវាបានកើតឡើងទៅហើយ យើងត្រូវតែទទួលយក ហើយត្រូវតែមានការតស៊ូក្នុងជីវិត ដើម្បីអនាគត របស់យើង ព្រោះថានៅពេលនេះ យើងមានរាជរដ្ឋាភិបាល មានអង្គការជាតិ អន្តរជាតិចាំជួយ ដោយគ្មានការបោះបង់ចោលកុមារកំព្រា កុមារងាយរងគ្រោះឲ្យរស់នៅក្នុងស្ថានភាពគ្មាន ទីពឹងនោះឡើយ ជាពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាថ្នាក់ដឹកនាំប្រកបទៅដោយកម្លាំងមនុស្សធម៌យ៉ាងជ្រាលជ្រៅ បំផុត។
លោក រ័ត្ន មុនី បានថ្លែងអំណរគុណចំពោះការមើលថែដល់កុមារកំព្រា កុមារងាយរងគ្រោះពីមជ្ឈមណ្ឌលកុមារអរុណរះ និង បានជំរុញប្អូនៗ ខិតខំសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ សមទៅនឹងការយកចិត្តទុកដាក់គិតគូរពីប្រមុខរាជរដ្ឋាភិបាលមកលើក្មួយៗជាកុមារកំព្រា និង កុមារងាយរងគ្រោះ។
ក្នុងឱកាសនេះ លោក រ័ត្ន មុនី និង លោកស្រី ព្រមទាំងសហការី បាននាំយកអំណោយ មួយចំនួនជូនដល់ភូមិកុមារអរុណរះរួមមាន គ្រឿងបរិភោគ សភារៈសិក្សា សំលៀកបំពាក់ ស្បែកជើង និង ថវិកា ជូនគ្រូ សិស្សមហាវិទ្យាល័យ និងសិស្សជំនាញ សរុបចំនួន៧០នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភថវិកាសម្រាប់ថ្លៃម្ហូបចំនួន១.៧៧៥ដុល្លារ អាមេរិក ដោយសរុបអំណោយឧបត្ថម្ភនាពេលនេះមានជិត៤៣លានរៀល៕
Source: Kampuchea Thmey Daily
0 Comments