បាត់ដំបង ៖ ស្ត្រីម្នាក់ដែលជាឃាតកសម្លាប់មនុស្ស ហើយក៏ជាមនុស្ស ដែលមានលិខិតបញ្ជាក់ពីគ្រូពេទ្យជំនាញថា មានរោគសរសៃប្រសាទផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីស្ត្រីរូបនេះបានប្រើប្រាស់ពូថៅកាប់ទៅលើស្វាមីរបស់ខ្លួនដែលកំពុងដេកលក់នៅលើអង្រឹង។
ករណីឃាតកម្មនេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី យប់ ស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលបង្កដោយជនសង្ស័យជាប្រពន្ធ ឈ្មោះ វ៉ា សុណន អាយុ៤២ឆ្នាំ មានទីលំនៅ នៅចំណុចកើតហេតុខាងលើ។
ឯជនរងគ្រោះ ដែលជាស្វាមីមាន ឈ្មោះ យី រ៉ាន់ អាយុ៤៤ឆ្នាំ បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានប្រពន្ធរបស់ខ្លួន កាប់ចំនួន៦ពូថៅ ស្លាប់នៅនឹងកន្លែង។
បើតាមការរៀបរាប់ពីកូនៗរបស់ជនទាំង២បានអះអាងថា នៅមុនពេលកើតហេតុ គឺឪពុករបស់ខ្លួនបានដេកក្នុងអង្រឹងនៅខាងក្រៅផ្ទះ ហើយក៏ស្រាប់តែម្តាយបានដើរមកនិយាយថា អញបានកាប់ឪឯងស្លាប់បាត់ទៅហើយ រួចស្ត្រីជាម្តាយ ក៏បានគេចខ្លួនតែម្តង ។
លោកអធិការ សន និល បានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានភ្លាម លោកបានចាត់កម្លាំងឲ្យតាមស្រាវជ្រាវរកមុខសញ្ញាទៅបំផុត ក៏បានប្រទះឃើញ ខណៈដែលគេកំពុងលាក់ខ្លួននៅក្បែរជើងភ្នំបាណង់ ដោយបាននាំមកដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ មានសៀវភៅពេទ្យដែលបានបញ្ជាក់ថា គេមានរោគសរសៃប្រសាទ ដោយគេបាននិយាយថា ការកាប់សម្លាប់នេះ ដោយសារតែប្តីរបស់គេនិយាយទូរស័ព្ទជាមួយស្រីផ្សេងញឹកញាប់ខ្លាំងពេក ហើយគេខ្ជិលប្តឹងទៅប៉ូលិស ព្រោះខ្លាចប៉ូលិសដាក់ខ្នោះប្តីនាំឲ្យវេទនា ដូច្នេះហើយ បានជាគេសម្រេចចិត្តកាប់ឲ្យងាប់តែម្តង។
បើទោះបីជាការនិយាយស្តីមានការពិបាកក៏ដោយ ក៏បច្ចុប្បន្ន សមត្ថកិច្ច កំពុងរៀបចំឯកសារ ដើម្បីបញ្ជូនខ្លួនជនសង្ស័យ ដែលជាឃាតកទៅកាន់សាលាដំបូងហើយ៕
Source: Kampuchea Thmey Daily
0 Comments