ភ្នំពេញ ៖ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ខណៈកំពុងតែបើករថយន្តសុខៗ ស្រាប់តែឃើញអណ្តាតភ្លើងបានឆេះហុយចេញពីកាប៊ីនមុខ ផ្នែកម៉ាស៊ីន ហើយក៏ប្រញាប់ឈប់ចត បើកទ្វាររថយន្តចេញសឹងតែមិនរួម ស្រែកឲ្យគេជួយពន្លត់ផងដែរ។
ហេតុការណ៍នោះបានបង្កជាការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២២និង១៥នាទីយប់ ថ្ងៃទី២២ ខែមីនាឆ្នាំ២០១៩ ចំណុចលើចិញ្ចើមផ្លូវលេខ២១៤ កែងព្រះមុនីវង្ស ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ប្រភពព័ត៌មានដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តម៉ាកមែកសឺដេស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2O 8777 ដែលបើកបរដោយជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវមុនីវង្ស ពីទិសដៅត្បូង មកជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែឃើញបើកឡើងលើចិញ្ចើមផ្លូវ ក៏ស្រាប់តែឃើញផ្សែងហុយចេញលាយឡំជាអណ្តាតភ្លើងផង បានឆាបឆេះត្រង់ផ្នែកកាត់មុខត្រង់ម៉ាស៊ីន ធ្វើឲ្យបុរសជនជាតិចិនរូបនោះបានភ័យស្លន់ស្លោ បើកទ្វាររថយន្តចេញសឹងតែមិនទាន់ ហើយក៏ស្រែកជាភាសាចិនឲ្យអ្នកជិតខាងជួយអន្តរាគមន៍ ដោយខណៈនោះ អ្នកជិតខាងក៏មានអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងយកទឹកមកជះ ក៏នៅតែមិនរលត់ ទើបភ្លាមៗនោះ ក៏ឃើញម៉ូតូទឹករបស់រដ្ឋបាលខណ្ឌដូនពេញ បានមក១គ្រឿង ដល់កន្លែងធ្វើការបាញ់ទឹកពន្លត់ ក៏នៅតែមិនរលត់ទៀត មួយសន្ទុះក្រោយមក ក៏ឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ មកបាញ់ទឹកពន្លត់ភ្លើងរហូតរលត់ជាស្ថាពរផងដែរ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍ឆេះរថយន្ត១គ្រឿងនោះ បានប្រើប្រាស់ម៉ូតូទឹករបស់រដ្ឋបាលខណ្ឌដូនពេញ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការ១គ្រឿង បានរលត់វិញនៅវេលាម៉ោង២២និង៤៥នាទីយប់ថ្ងៃដដែល។ ចំពោះការខូចខាតវិញ គឺខូចរថយន្តនោះស្ទើរទាំងស្រុងផ្នែកកាត់មុខ តែមិនបណ្ដាលឲ្យរាលដាលនោះទេ ហើយក៏គ្មានអ្នករបួសផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុមកពីឆ្លងចរន្តភ្លើងនៅក្នុងរថយន្តនោះតែម្តង។ ចំណែកអ្នកបើកបរវិញ គឺ ឈ្មោះChen Liang ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរមេការសំណង់ ស្នាក់នៅផ្ទះលេខ១១B ផ្លូវលេខ១៥០ ភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
សមត្ថកិច្ចបញ្ជាក់ថា ដោយសារតែហេតុការណ៍នោះមិនបានធ្វើឲ្យប៉ះពាល់ ឬខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ទើបអនុញ្ញាតឲ្យជនជាតិចិនរូបនោះចាត់ចែងយករថយន្តចេញពីកន្លែងកើតហេតុទៅរកកន្លែងជួសជុលដោយខ្លួនឯងទៅ៕
Source: Kampuchea Thmey Daily
0 Comments