Ad Code

តាម​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​បានជា​បន្តបន្ទាប់ រួម​នឹង​ថ្នាំញៀន​មួយ​ចំនួន​



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន៣នាក់ ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​យ៉ាងសកម្ម ត្រូវបាន​កម្លាំង​អធិការដ្ឋាន នគរបាល​ក្រុង​បាត់ដំបង តាម​ស្រាវជ្រាវ​រហូត​ឃាត់​ខ្លួន​បានជា​បន្តបន្ទាប់ រួម​នឹង​ថ្នាំ​ញៀន​មួយចំនួន​ផងដែរ ដែល​កន្លងមក​ក្រុម​នេះ​គឺជា​មុខសញ្ញា​ចាស់ ដែល​ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់​រហូតមក។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង​បាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង នា​ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង១១និង៥០​នាទី នៅ​ចំណុច​ក្រុមទី​២៣ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ដោយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន ក្រុង​បាត់ដំបង ផ្ទាល់​តែម្ដង។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​លើក​ទី១នេះ សមត្ថកិច្ច​បាន​បង្ក្រាប ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន ក្នុង​បទល្មើស​ជាក់ស្តែង​១ករណី ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ វណ្ណ រតនា ភេទ​ប្រុស អាយុ៣៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង។​

​នៅ​ក្នុងនោះ​កម្លាំង​បាន​ឆែកឆេរ និង​រកឃើញ វត្ថុតាង​មួយចំនួន​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន០៤​កូន​ថង់ ទម្ងន់០,៩៧​ក្រាម ទូរស័ព្ទដៃ​ចំនួន០១​គ្រឿង​ ដោយបាន​នាំខ្លួន​ជនសង្ស័យ​រូបនោះ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន ដើម្បី​បន្ត​កិច្ចប្រតិបត្តិការ។​

​លោក​អធិការ​បាន​បន្តថា ក្រោយពី​បានទទួល​ចម្លើយសារភាព​រួចមក នៅ​រសៀល​ថ្ងៃ​ដដែល វេលា​ម៉ោង៣និង១៥នាទី លោក​បាន​ចាត់​កម្លាំងឲ្យ​​ចុះ​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​បន្ត​ការស្រាវជ្រាវ និង​ឈានដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ បន្ថែមទៀត ដែល​ជន​ទាំងនោះ​មានឈ្មោះ ស៊ូ ភក្តី ភេទ​ស្រី អាយុ៣១​ឆ្នាំ និង ឈ្មោះ សុខ សឿន ភេទប្រុស អាយុ១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ស្ថិតនៅ​ក្រុមទី១២ ភូមិ​អូរ​តា​គាំ១ សង្កាត់​ទួល​តា​ឯក និង​បាន​ដកហូត​នូវ​វត្ថុតាង​រួមមាន ៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន០៤​កញ្ចប់ កូនជញ្ជីង​ថ្លឹង០១ សៀវ​ភៅ​កត់ត្រា​ទិញ លក់​ថ្នាំញៀន០១​ក្បាល និង​សម្ភារៈ​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនទៀត។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង៣នាក់ រួម​ជាមួយនឹង​ថ្នាំញៀន​ប្រមាណ ជិត១ខាំ​ ត្រូវបាន​កម្លាំង​អធិការ​ក្រុង រៀបចំ​បញ្ជូនទៅ​កាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu