ភ្នំពេញ ៖ នៅទីបំផុត កូនប្រុសរបស់ លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ៤ឆ្នាំ នៅលើសំណុំរឿងទី១ ដែលពាក់ព័ន្ធនឹងរឿងក្ដីលួច មានស្ថានទម្ងន់ទោស ( ប្លន់ ) យកខ្សែក្រវាត់មាសដាំពេជ្ររបស់យុវជនម្នាក់ នៅក្នុងក្លឹបរ៉ុក។
ជនជាប់ចោទ ឈ្មោះ ឌុច សុវណ្ណារ៉េត ហៅ រិទ្ធញាញ់ អាយុ៣៣ឆ្នាំ ជាជនប្រដាប់អាវុធម្នាក់ ក្នុងចំណោម៣នាក់ ប្រើប្រាស់កាំភ្លើងខ្លីម៉ាកឡុក២ដើម ហ្នុងការធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិរបស់អ្នកដទៃ។
កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ តុលាការក្រុងភ្នំពេញ បានបើកសវនាការជំនុំជម្រះទោស ជនជាប់ចោទឈ្មោះ ឌុច សុវណ្ណារ៉េត ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយហិង្សានេះ។
នៅក្នុងសវនាការនាពេលកន្លងទៅ ជនជាប់ចោទ ឈ្មោះ ឌុច សុវណ្ណារ៉េត បានសារភាពថា រូបគេពិតជាបានវាយជនរងគ្រោះយកខ្សែកប្រាកដមែន។
ជនជាប់ចោទ ឈ្មោះ ឌុច សុវណ្ណារ៉េត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយបក្ខពួក២នាក់ទៀត បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបាញ់ជនរងគ្រោះ ឈ្មោះ បៀ សំអឿន ជា Dj ប្រចាំមជ្ឈមណ្ឌលកម្សាន្ត Rock ឲ្យរងរបួសចំកំភួនជើង និងគូទ ចំនួន៤គ្រាប់ ប្រព្រឹត្តកាលពីវេលាទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ។ ចំពោះសំណុំរឿងទី២ ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅក្នុងក្លឹបកម្សាន្តរ៉ុកនេះ តុលាការមិនទាន់សម្រេចផ្ដន្ទាទោសជនត្រូវចោទទេ៕
Source: Kampuchea Thmey Daily
0 Comments