Ad Code

ឆក់​ច្រើនដង​ ទើប​ចាប់​បាន ​តុលាការ​សម្រេច​ឃុំខ្លួន​



ភ្នំពេញ ៖ នៅថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់​២​នាក់ ទៅ​តុលាការ ដើម្បី​ធ្វើការ​សាកសួរ។​

ជនសង្ស័យ​ទាំង​២​នាក់ ទី​១- ឈ្មោះ សួន រឿង​រ៉ា​ក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ទី​២-​ឈ្មោះ ទិ​ត្យ ច័ន្ទដារ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​។ ពួកគេ​ទាំង​២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​៦១ កែង​ផ្លូវ​៩២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ពួកគេ​ទាំង​២​នាក់ បាន​សារភាព​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ រូបគេ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1HI-0770 ចេញពីផ្ទះ​នៅ​ម្តុំ​ទួល​សង្កែ ដោយ​គោលបំណង​ជិះ​ដើររក​ឆក់​សម្ភារៈ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ លុះ​ពេល​ជិះ​ដល់​រង្វង់​មូល​គួច​កាណុង បាន​ជួប​បក្ខពួក​៣​នាក់​ទៀត មានឈ្មោះ ង៉ោ​ល​(​គេចខ្លួន​),​ឈ្មោះ ខូច​(​គេចខ្លួន​) និង​១​នាក់​មិន​ស្គាល់ឈ្មោះ​(​គេចខ្លួន​) ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក Beat ពណ៌​ខៀវ​លា​យស និង​ពណ៌​ក្រហម ហើយ​បាន​បបួលគ្នា​ជិះ​ដើររក​ឆក់​ទាំងអស់គ្នា ក្រោយពេល​ជិះ​ដល់​ចំណុច​ផ្លូវ​៩៤ កែង​រង្វង់​មូល​វត្តភ្នំ ក៏​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​ម៉ូត ម៉ាក​ហុងដា ពណ៌​ខ្មៅ មាន​ស្ពាយ​កាបូប​តូច​ចំហៀង ពួកគេ​បាន​ជិះ​ទៅ​ក្បែរ​ជនរងគ្រោះ ក៏​ធ្វើ​សកម្ម​ភាព​ឆក់​តែម្តង​។ ក្នុងពេលនោះ មាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដូនពេញ ល្បាត​ក្នុង​​ភូមិសាស្ត្រ​របស់​ខ្លួន​ឃើញ បាន​ដេញតាម​ពួកគេ​ដល់​ចំណុច មុខ​សណ្ឋាគារ​សាន់វ៉េ ទើប​ឃាត់ខ្លួន​បាន ចំណែក​បក្ខពួក​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់​។​

ឈ្មោះ សួន រឿង​រ៉ា​ក់ បាន​ប្រាប់​បន្ថែមថា កន្លងមក កាល​អំឡុង​ខែមករា ដល់​ខែមីនា ឆ្នាំ​២០១៩ រូបគេ​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ប្រជាពលរដ្ឋ​បាន​ចំនួន​៤​លើក ជាមួយ​បក្ខពួក​ឈ្មោះ ញ៉ា​(​គេចខ្លួន​), ឈ្មោះ ខួច (​គេចខ្លួន​) និង​ឈ្មោះ រ៉ា (​គេចខ្លួន​) នៅ​ចំណុច​រង្វង់​មូល​គួច​កាណុង និង​រង្វង់​មូល​វត្តភ្នំ​។​

ឈ្មោះ ទិ​ត្យ ច័ន្ទដារ៉ា ប្រាប់​បន្ថែមថា កន្លងមក​កាល​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ រូបគេ​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនបរទេស​២​លើក ជាមួយ​បក្ខពួក​ឈ្មោះ វណ្ណ (​គេចខ្លួន​) ដោយ​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩​ដើម្បី​ធ្វើ​សកម្មភាព៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu