ប៉ូលិសក្រុង Christchurch បានបើកការស៊ើបអង្កេតជាបន្ទាន់នៅថ្ងៃពុធដើម្បីរកឲ្យឃើញថាតើបុរសម្នាក់ដែលស្លាប់បន្ទាប់ពីការប្រឈមមុខនាពេលព្រឹកព្រលឹមជាមួយមន្ត្រីប្រដាប់អាវុធមានតំណភ្ជាប់ទៅនឹងការវាយប្រហារលើវិហារឥស្លាមដែលសម្លាប់មនុស្សចំនួន៥០នាក់ដែរឬក៏អត់។
ប៉ូលិសបានឆ្មក់ចូលផ្ទះរបស់បុរសអាយុ៥៤ឆ្នាំម្នាក់កាលពីយប់ថ្ងៃអង្គារនិងបានរកឃើញឃ្លាំងអាវុធមួយបន្ទាប់ពីទទួលបានព័ត៌មានពីសាធារណៈជនអំពី “អាកប្បកិរិយាគួរឲ្យសង្ស័យ”។
ពួកគេបានបញ្ឈប់បុរសម្នាក់នេះនៅក្នុងរថយន្តរបស់គាត់នៅតំបន់ Richmond Park ខាងក្រៅទីក្រុង Christchurch ហើយបានចាប់ផ្តើមការចរចាដែលអូសបន្លាយពេលប្រហែលបីម៉ោង។
ប៉ូលិសបានទៅជិតរថយន្តនោះនិងបានឃើញបុរសម្នាក់មានរបួសមុខកាំបិតយ៉ាងធ្ងន់ធ្ងរហើយបានស្លាប់ភ្លាមៗ។ ពួកគេមិនបានពន្យល់ថាតើបុរសម្នាក់នោះរងរបួសដោយរបៀបណានោះទេ។ ពួកគេបាននិយាយថា មិនមានកាំភ្លើងនៅក្នុងរថយន្តនោះទេ។
ប៉ូលិសនិយាយថា “ការស៊ើបអង្កេតអាទិភាពខ្ពស់កំពុងធ្វើឡើងដើម្បីកំណត់ថាតើបុរសដែលស្លាប់នោះបានបង្កជាការគំរាមកំហែងដល់សហគមន៍ដែរឬទេ”។
ខណៈដែលទីក្រុងកោះខាងត្បូងមួយនេះកំពុងមានការប្រុងប្រយ័ត្នបន្ទាប់ពីការបាញ់សម្លាប់រង្គាលកាលពីតិចជាងពីរសប្តាហ៍កន្លងមកនេះនោះ ប៉ូលិសបាននិយាយថា ពួកគេក៏នឹងស្វែងរកមើលតំណភ្ជាប់ណាមួយទៅនឹងការវាយប្រហារលើវិហារឥស្លាមផងដែរ។
ពួកគេនិយាយថា “នៅពេលនេះ មិនមានភស្តុតាងណាបង្ហាញថា មនុស្សម្នាក់នេះមានការពាក់ព័ន្ធណាមួយក្នុងការវាយប្រហារនៅថ្ងៃទី១៥ខែមីនាទេប៉ុន្តែនេះជាផ្នែកសំខាន់មួយនៃការស៊ើបអង្កេត”។
ទីក្រុង Christchurch នឹងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធថ្នាក់ជាតិសម្រាប់ជនរងគ្រោះពីការវាយប្រហារកាលពីថ្ងៃសុក្រហើយប៉ូលិសបានអំពាវនាវឲ្យសាធារណជននៅតែមានការប្រុងប្រយ័ត្ន។
វាបានកើតឡើងនៅពេលរដ្ឋមន្ត្រីចារកម្មនូវែលហ្សេឡង់និយាយថា គាត់អនុញ្ញាតឲ្យទីភ្នាក់ងារចារកម្មធ្វើសកម្មភាពខ្លាំងក្លាបន្ទាប់ពីការវាយប្រហារដោយកាំភ្លើង៕ AFP
Source: Kampuchea Thmey Daily
0 Comments