កំពង់ឆ្នាំង ៖ រថយន្តដឹកជ្រូកមួយគ្រឿង បានក្រឡាប់បះជើង និងចាក់ជ្រូកចោលពេញផ្លូវ ដោយសារតែដឹកលើសទម្ងន់ និងដឹកខ្ពស់ពេក ដល់ផ្លូវផ្អៀង ក៏ក្រឡាប់តែម្ដង ងាប់ជ្រូកមួយចំនួន។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៦និង៤៧ ស្ថិតនៅចំណុចស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តធុនធំខាងលើ បានបើកដឹកជ្រូកធ្ងន់ និងខ្ពស់ពេក ពេលមកដល់កន្លែងកើតហេតុ ដោយសារតែផ្លូវថ្នល់ផ្អៀងម្ខាង ទើបបណ្តាលឲ្យរថយន្តដឹកជ្រូកខាងលើ ក្រឡាប់ផ្ងារជើងមកខាងស្តាំដៃ ចាក់ជ្រូកចោលរដូករណែលពេញផ្លូវតែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដឹកជ្រូកខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 4A.0057 ។ នៅក្នុងហេតុការណ៍នេះ មិនមាននរណារងគ្រោះនោះទេ ប៉ុន្តែជ្រូកមួយចំនួនបានងាប់ ហើយជ្រូកទាំងអស់ត្រូវបានម្ចាស់យករថយន្តស្ទូចមកស្ទូចសាងដាក់រថយន្តផ្សេងទៀត ដើម្បីបន្តដំណើរទៅលក់នៅក្នុងទីក្រុងភ្នំពេញ។
សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានជ្រូកក្រហម ឬ ហៅថា ជ្រូកថៃ បាននាំចូលពីប្រទេសថៃ យកមកចែកចាយក្នុងស្រុក ដោយបន្លំថា ជាជ្រូកក្នុងស្រុក ចិញ្ចឹមនៅកសិដ្ឋានក្នុងប្រទេស តែធាតុពិតគឺជាជ្រូក នាំចូលមកពីប្រទេសថៃតាមច្រករបៀង ហើយដឹកតាមរថយន្តចេញមក លក់ដូរនៅក្នុងទឹកដី របស់ខ្មែរទៅវិញ។ រឿងនេះ សមត្ថកិច្ចពាក់ព័ន្ធគួរតែទប់ស្កាត់ផង ដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករខ្មែរ ដែលចិញ្ចឹមជ្រូកនៅក្នុងស្រុក៕
Source: Kampuchea Thmey Daily
0 Comments