ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះកង់ឆ្លងបានពាក់កណ្ដាល ត្រូវបានម៉ូតូធុនធំបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកចំពាក់កណ្តាលតួកង់តែម្តង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ មាន ឈ្មោះ ម៉ៅ ចាន់នី ហៅរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធ ឈ្មោះ ជា តាំងហ៊ួយ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រៃស្វាយ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានកូនប្រុស២នាក់ ក្នុងបន្ទុកគ្រួសារ។ ចំណែកភាគីបង្ក ឈ្មោះ អាន ភារ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសិប្បកម្មផលិតគ្រឿងសង្ហារិម ស្នាក់នៅកន្លែងធ្វើការ ភូមិអង្គស្នួល ឃុំអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
តាមសម្តីភរិយាជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះកង់ចេញពីបន្ទប់ជួល ទៅធ្វើការងារសំណង់នៅក្បែរផ្សារចោមចៅ ខណៈដែលកំពុងជិះឆ្លងផ្លូវ ដល់ចំណុចគំនូសកណ្តាលទ្រូងផ្លូវ ស្រាប់តែ ម៉ូតូបង្ក ប្រភេទធុនធំ ម៉ាក merax ១៥០cc ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-0340 បើកល្បឿនលឿន ពីកើតទៅលិច ជ្រុលទៅបុកកង់ចំពាក់កណ្ដាលខ្លួន បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ អ្នកបើកបរម៉ូតូ ភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួនយកទៅប៉ុស្តិ៍។
តាមសម្តីរបស់អ្នកបើកបរម៉ូតូបង្កបានឲ្យដឹងថា ខ្លួនទើបតែវិលត្រឡប់ មកពីលេងប្រពន្ធ ជាកម្មការិនីរោងចក្រ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយប្រញាប់ចូលធ្វើការងារ រោងសិប្បកម្ម លុះជិះដល់ចំណុចកើតហេតុ ជួបគ្រោះថ្នាក់នេះតែម្តង។
ករណីខាងលើ ក្រោយកើតហេតុ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង សាកសពក្រោយពីពិនិត្យស្លាកស្នាមហើយ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ រីឯ វត្ថុតាង ម៉ូតូ កង់ រួមទាំងអ្នកបើកបរម៉ូតូផង សមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments