Ad Code

លោក រ៉ុង ឈុន និង​គ្រូបង្រៀន​១០​នាក់ ​ចូល​ឆ្លើយ​ការពារ​ចំពោះ​បណ្តឹង​សុំ​បដិសេធ​លិខិត​លុប​ឈ្មោះ​ពី​ក្របខ័ណ្ឌ ​របស់​ក្រសួង​អប់រំ​



​ភ្នំពេញ ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោកគ្រូ​-​អ្នកគ្រូ​ចំនួន១០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ចូលមក​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​តុលាការ​ ពាក់ព័ន្ធ​នឹង​បណ្តឹង​សុំ​បដិសេធ​ចោល​លិខិត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានសម្រេច​លុបឈ្មោះ​ពួកគាត់​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ។​

តាម​ដីកាកោះ របស់ លោក រស់ ពិសិដ្ឋ ចៅក្រម​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ បាន​កោះហៅ​ ឈ្មោះ រ៉ុង ឈុន​,​ឈ្មោះ លី ឌី​,​ឈ្មោះ វង វុទ្ធី​,​ឈ្មោះ គង់ ស៊ីវ​ង្ស​,​ឈ្មោះ ជុំ ចាន់​,​ឈ្មោះ មុត ម​ណ្ឌ​,​ឈ្មោះ ពៀត ម៉ាប់​,​ឈ្មោះ ចន្ទ សុភា​,​ឈ្មោះ ហុង សុជា​,​ឈ្មោះ យិន ឈូករ័ត្ន និង​ឈ្មោះ ខែម ស៊ីថា ឲ្យ​ចូល​ឆ្លើយ​ក្នុងនាម​ជាដើម​ចោទ​។

រីឯ​ចុង​ចម្លើយ នៃ​សំណុំរឿង លេខ​១០៨ ចុះ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ គឺ​ក្រសួង អប់រំ យុវជន និង​កីឡា ដោយមាន​តំណាង​ដោយ លោក ហង់ ជួនណា​រ៉ុង ដែលជា​រដ្ឋមន្ត្រី​ នៃ​ក្រសួង​អប់រំ យុវជន និង​​កីឡា។​

លោក រ៉ុង ឈុន និង ​គ្រូបង្រៀន​១០​នាក់​ខាងលើ បាន​ប្តឹង​មក​តុលា​ការ​សុំ​ឲ្យ​បដិសេធ​លិខិត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានសម្រេច​លុបឈ្មោះ​ពួកគាត់​ចេញពី​ក្របខ័ណ្ឌ​ កាលពីដើម​ខែមករា ឆ្នាំ​២០១៨​កន្លងទៅ បន្ទាប់ពី​ក្រសួង​បាន​រកឃើញថា ពួកគាត់​ បាន​បោះបង់ចោល​ការងារ និង​មួយចំនួនទៀត​អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu