រតនគិរី ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកលំផាត់ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនានេះ ហើយបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់ ជាប្រពន្ធរបស់ខ្លួន កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ត្រង់ចំណុចមាត់អូរក្នុងចម្ការរបស់ខ្លួន ស្ថិតក្នុងភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
អធិការនគរបាលស្រុកលំផាត់ លោក ហេង ណារ៉ាក់ បានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី២៧មីនានេះ ថា ក្រោយពីសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យសាច់ញាតិជនរងគ្រោះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរួចមក, កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស៊ិនលែរ៍ បានហៅប្តីជនរងគ្រោះទៅសាកសួរបំភ្លឺថ្ងៃទី២៥មីនានេះ ពាក់ព័ន្ធករណីស្លាប់ប្រពន្ធរបស់ខ្លួន។
លោកអធិការបានបន្តទៀតថា ក្រោយពីសាកសួររួចមក សមត្ថកិច្ចបានសង្ស័យជាច្រើនទៅលើកប្តីជនរងគ្រោះ ឈ្មោះ កិ ដិៈ អាយុ៣៦ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។ បន្ទាប់មកកម្លាំងអធិការនគរបាលស្រុកលំផាត់ បានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត នៅថ្ងៃទី២៦មីនា ដើម្បីសាកសួរបន្តតាមនីតិវិធី។
លោកថា ប្តីជនរងគ្រោះបានសារភាពចំពោះមុខសមត្ថកិច្ច នៅយប់ថ្ងៃទី២៦មីនានេះ ថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធខ្លួនឯងពិតប្រាកដមែន ដោយបានប្រើដៃវាយចំក្បាលជាច្រើន រួចហើយកាច់បំបាក់.ក តែម្តង។ ដោយប្តីបានខឹងទៅលើប្រពន្ធ និយាយមិនស្តាប់ មិនធ្វើតាម ឲ្យលក់គ្រាប់ចន្ទីមិនលក់ និយាយអ្វីក៏មិនស្តាប់ដែរ មានតែសម្លាប់ចោលទៅ។
ករណីខាងលើនេះ ដំបូងសមត្ថកិច្ចបានបញ្ជាក់ ដោយយោងតាមព័ត៌មានពីប្ដីជនរងគ្រោះថា នៅវេលាម៉ោងប្រហែល៥និង០០នាទីល្ងាច ថ្ងៃទី២៤មីនា ស្ត្រីរងគ្រោះ ឈ្មោះ កែ ញូន អាយុ៣៤ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុខាងលើ បានជិះម៉ូតូមកមុជទឹកនៅអូរក្នុងចម្ការរបស់ខ្លួន ដែលមានចម្ងាយពីភូមិប្រហែល១គីឡូ ដូចសព្វមួយដង លុះដល់ម៉ោងប្រហែល៦ល្ងាច (ប្តី) ដោយបាត់ប្រពន្ធយូរពេក បានមកតាមរក ប៉ុន្តែរកមិនឃើញសោះ ឃើញតែស្បែកជើង១គូ និងកន្ត្រកដាក់ខោអាវតែប៉ុណ្ណោះ។
ប្តីជនរងគ្រោះ ក៏ត្រឡប់ទៅហៅអ្នកភូមិឲ្យមកជួយរក រហូតដល់ម៉ោងប្រហែល១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ទើបរកឃើញសពនៅក្នុងអូរ ចម្ងាយប្រហែល៣០ម៉ែត្រ ពីកន្លែងមុជទឹកអូរ។
ក្រោយពីទទួលបានព័ត៌មាន ពីប្តីជនរងគ្រោះមក កម្លាំងអធិការនគរបាលស្រុកលំផាត់ សហការជាមួយកម្លាំងប៉ុស្តិ៍បាតាង បានហ៊ុមព័ទ្ធកន្លែងកើតហេតុ រង់ចាំកម្លាំងបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាលខេត្ត ព្រមទាំងពេទ្យបង្អែកខេត្តចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។ ក្នុងនោះដែរ មានតំណាងអយ្យការអមសាលាដំបូងខេត្តចុះមកសម្របសម្រួលផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ ជាឃាតកសម្លាប់ប្រពន្ធខ្លួនឯង ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments