កាលពីថ្ងៃអង្គារ ប្រទេសស៊ីរីបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំបន្ទាន់មួយស្តីពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការទទួលស្គាល់តំបន់ Golan Heights ជាទឹកដីអ៊ីស្រាអែល។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយកាលពីថ្ងៃចន្ទដែលក្នុងនោះសហរដ្ឋអាមេរិកបានទទួលស្គាល់ការកាត់យករបស់អ៊ីស្រាអែលនៃដែនដីខ្ពង់រាបជាយុទ្ធសាស្ត្រមួយនេះបើទោះបីជាមានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឱ្យដកអ៊ីស្រាអែលចេញពីតំបន់ Golan ក៏ដោយ។
នៅក្នុងលិខិតមួយដែលត្រូវបានមើលឃើញដោយភ្នាក់ងារសារព័ត៌មាន AFP, បេសកកម្មស៊ីរីប្រចាំអង្គការសហប្រជាជាតិបានស្នើឱ្យប្រធានក្រុមប្រឹក្សារៀបចំកិច្ចប្រជុំជាបន្ទាន់មួយដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ Golan ដែលស៊ីរីកាន់កាប់និងការរំលោភបំពាននាពេលថ្មីៗនេះលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខដោយរដ្ឋជាសមាជិកអចិន្ត្រៃយ៍មួយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសបារាំងដែលជាប្រធានមិនបានកំណត់ពេលប្រជុំភ្លាមៗទេហើយអ្នកការទូតបាននិយាយថា នឹងមានការពិភាក្សាមួយនៅក្រុមប្រឹក្សាអំពីសំណើនេះ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រទេសស៊ីរីបានសរសេរលិខិតដាច់ដោយឡែកមួយដែលជំរុញឱ្យក្រុមប្រឹក្សានេះរក្សាការសម្រេចចិត្តដែលទាមទារឱ្យប្រទេសអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ Golan។
ក្រុមប្រឹក្សានេះគ្រោងនឹងពិភាក្សាអំពីវិបត្តិថ្មីបំផុតនេះនៅថ្ងៃពុធក្នុងអំឡុងកិច្ចប្រជុំមួយស្តីពីការបន្តអាណត្តិរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលត្រូវបានដាក់ពង្រាយចន្លោះប្រទេសអ៊ីស្រាអែលនិងស៊ីរីក្នុងតំបន់ Golan ដែលត្រូវបានគេស្គាល់ថា UNDOF។
គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបចំនួនប្រាំដែលមានអាសនៈនៅក្នុងក្រុមប្រឹក្សាធ្លាប់បានបដិសេធចំពោះការសម្រេចចិត្តរបស់លោក Trump ហើយបានសម្តែងការព្រួយបារម្ភថា ទង្វើរបស់អាមេរិកនឹងបង្កផលវិបាកយ៉ាងធំធេងនៅតំបន់មជ្ឈិមបូព៌ា៕AFP
Source: Kampuchea Thmey Daily
0 Comments