ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយ បានកើតមានឡើង ខណៈដែលគេបានឃើញអណ្ដាតភ្លើង ឆេះឡើងយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះអ្នកលក់ឆាខ្វៃមួយកន្លែង។ ប៉ុន្តែក្នុងហេតុការណ៍នេះ មិនបានធ្វើឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ពោលគឺបានបំផ្លិចបំផ្លាញតែផ្ទះ និងសម្ភារៈប្រើប្រាស់មួយចំនួនប៉ុណ្ណោះ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះអ្នកលក់ឆាខ្វៃមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសម្ដីបងប្អូនប្រជាពលរដ្ឋក្បែរខាងបានប្រាប់ឲ្យដឹងថា មូលហេតុ នៃការឆាបឆេះយ៉ាងសន្ធោសន្ធៅខាងលើនេះ គឺបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី ទើបបណ្ដាលឲ្យឆាបឆេះយ៉ាងខ្លាំងដែលធ្វើឲ្យងប្អូនប្រជាពលរដ្ឋនៅក្បែរទីតាំងកន្លែងកើតហេតុ មានការភិតភ័យ។ ភ្លាមៗនោះ គេក៏បានឃើញ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីជួយធ្វើការអន្តរាគមន៍ពន្លត់ភ្លាមដែរ។
ចំពោះករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួសទេ គ្រាន់តែឆេះសម្ភារៈប្រើប្រាស់
មួយចំនួនប៉ុណ្ណោះ ហើយក៏មិនបានរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរខាងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យបានជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តចំនួន៣គ្រឿង ទើបភ្លើងបានរលត់ និងមិនរាលដាលដល់ផ្ទះផ្សេងទៀត៕
Source: Kampuchea Thmey Daily
0 Comments