ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយសាលារាជធានីភ្នំពេញ និងតុលាការអាជ្ញាធរដែនដី ដឹកនាំកម្លាំងចម្រុះជិត១០០នាក់ ចុះរុះរើសម្ភារៈ និងគ្រឿងម៉ាស៊ីនបោកគក់ចាស់ៗចេញពីរោងចក្រកាត់ដេរដាយយុំាង អតីតរោងចក្រតម្បាញទី២ ឫស្សីកែវ បន្ទាប់ពីរោងចក្រកាត់ដេរមួយនេះ ក្ស័យធនហើយ ត្រូវថៅកែរត់ចោលកម្មកររាប់រយនាក់ មិនមានការដោះស្រាយប្រាក់ផ្សេងៗជូនកម្មករ។
ការដឹកនាំកម្លាំងចម្រុះរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី 21 ខែមីនាឆ្នាំ 2019 នៅតាមបណ្តោយផ្លូវជាតិលេខ5 ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាម ស ជ ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ 283 សជណ .ឧរ ចុះថ្ងៃចន្ទទី 13 រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ 2562 ត្រូវថ្ងៃទី4 ខែមីនា ឆ្នាំ 2019 បានបង្គាប់ឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយសាលារាជធានីភ្នំពេញចាត់ចែងការពារសន្តិសុខ សុវត្ថិភាព រួមទាំងវិធានការចាំបាច់ផ្សេងៗ ក្នុងការ ចុះរុះរើសម្ភារៈ ឧបករណ៍គ្រឿងម៉ាស៊ីនបោកគក់ចាស់ៗចេញពីរោងចក្រកាត់ដេរដាយយុំាង អតីតរោងចក្រតម្បាញទី២ ឫស្សីកែវ ដែលស្ថិតនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងរោងចក្រដាយយុំាង អតីតរោងចក្រតម្បាញទី2 ឫសីកែវមានទំហំប្រហែល១៤.០០០ម៉ែត្រការ៉េ ពោលគឺជិត១ហិកតាកន្លះ អាចនឹងមានការលក់ដូរដីនោះ ឲ្យទៅឈ្មួញរួចហើយ ដើម្បីយកលុយដោះស្រាយជូនកម្មករចំនួន 498 នាក់ ដែលត្រូវថៅកែរោងចក្ររត់ចោល ហើយការអនុវត្តនៅថ្ងៃនេះ ដើម្បីយកទីតាំងប្រគល់ជូនឈ្មួញម្ចាស់ដីដែលជាអ្នកទិញទីតាំងនោះ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ទីតាំងរោងចក្រតម្បាញនេះ បានជួលបន្តបន្ទាប់គ្នា ហើយចុងក្រោយបានជួលទៅឲ្យជនជាតិកូរ៉េដំណើរការងាររោងចក្រកាត់ដេររយៈពេលជិត 20 ឆ្នាំមកហើយ ហើយក្នុងខែមីនា ឆ្នាំ 2018 ថៅកែរោងចក្រ ក៏បានដាក់មេប្រូចបាត់ស្រមោលដោយទុកឲ្យកម្មករ 498 នាក់ ផ្ទុះការតវ៉ាទាមទារប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំ ដោយអូសបន្លាយពេលរហូតជាងបីខែ ទើបរដ្ឋាភិបាលមានការដោះស្រាយជូនកម្មករ។
បើទោះបីយ៉ាងណាអាជ្ញាធរ និងសមត្ថកិច្ច បានធ្វើការងារនេះយ៉ាងប្រុងប្រយ័ត្នជាទីបំផុត សូម្បីតែអ្នកយកព័ត៌មាន ក៏មិនឲ្យថតផ្តិតយករូបភាពដែរ ហើយបានហាមដាច់ខាតមិនឲ្យផ្សាយព័ត៌មាននេះទៀតផង។
លោកស្រី ឈ្មោះ នី បានឲ្យដឹងថា លោកស្រី ជាតំណាងឲ្យក្រុមហ៊ុនឧបករណ៍ និងម៉ាស៊ីនបោកគក់ដែលប្រើប្រាស់នៅក្នុងរោងចក្រនោះ ហើយការរុះរើដឹកចេញម៉ាស៊ីនបោកគក់របស់លោកស្រី គឺខាងក្រសួងមិនបានឲ្យគាត់ដឹងឡើយ ហើយគ្មានការជូនដំណឹង ឬបង្ហាញឯកសារអ្វីដែលពាក់ព័ន្ធដែរ។
លោកស្រីបន្តថា បន្ទាប់ពីក្ស័យធន គាត់ក៏បានទៅដឹកសម្ភារៈចេញពីរោងចក្រដែរ ប៉ុន្តែម្ចាស់រោងចក្រដែលជួលទៅឲ្យជនជាតិកូរ៉េ មិនអនុញ្ញាតឲ្យដឹកឡើយ ទើបទុករហូតដល់ថ្ងៃនេះ គេយកចេញដោយមិនបានប្រាប់គាត់ ខណៈគាត់មានកិច្ចសន្យាជួលត្រឹមត្រូវ៕
Source: Kampuchea Thmey Daily
0 Comments