Ad Code

មន្ទីរ​បញ្ចកោណ ​៖ ​យោធា​អាមេរិក​ស្នើសុំ​ទទួល​កុមារ​អន្តោប្រវេសន៍​ចំនួន​៥,០០០​នាក់



មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump បានស្នើ​សុំ​ឲ្យ​ក្រសួងការពារជាតិ​ត្រៀម​រៀបចំ​ដើម្បី​ទទួល​ជនអន្តោប្រវេសន៍​ជា​កុមារ​មិនមាន​អាណាព្យាបាល​ចំនួន​៥​ពាន់​នាក់ ​ស្របពេល​មាន​អ្វីដែល​ខ្លួន​ហៅថា​វិបត្តិ​កាន់តែខ្លាំង​ឡើង​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក។

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក​វរសេនីយ៍ឯក Jamie Davis បាន​និយាយថា ក្រសួងសុខាភិបាល​និង​សេវា​មនុស្ស (HHS) បានស្នើ​សុំ​ឲ្យ​ក្រសួងការពារជាតិ​ជួយ​រក​កន្លែង​ទំនេរ​ដើម្បី​ដាក់​កុមារ​មិនមាន​អាណាព្យាបាល​រហូតដល់​ទៅ​៥,០០០​នាក់​នៅតាម​ទីតាំង​របស់​ក្រសួងការពារជាតិ​ប្រសិនបើ​ចាំបាច់​រហូតដល់​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩។

យ៉ាងណាក្តី សំណើ​សម្រាប់​ទីតាំង​ជ្រកកោន​នេះ​គឺ​គ្រាន់តែ​ជាការ​ការពារ​ប៉ុណ្ណោះ​។​
​ប៉ុន្តែ​វា​បាន​កើតឡើង​ចំពេល​មានការ​កើនឡើង​នៃ​ចំនួន​គ្រួសារ​និង​កុមារ​មិនមាន​អាណាព្យាបាល​ឆ្លងកាត់​ព្រំដែន​សហរដ្ឋអាមេរិក​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​កដោយ​ខុសច្បាប់​ដែល​ភាគច្រើន​នៃ​ពួកគេ​គឺ​បាន​រត់​ចេញពី​ភាពក្រីក្រ​និង​អំពើហិង្សា​ក្នុង​តំបន់​អាមេរិក​កណ្តាល។

យោងតាម​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន (CBP) បាន​ឲ្យ​ដឹងថា ចំនួន​អនីតិជន​ដែល​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ចូល​ប្រទេស​ដោយ​ខុសច្បាប់​ដោយ​គ្មាន​ក្រុមគ្រួសារ​កាលពី​ខែកុម្ភៈ​បាន​កើន​ឡើងដល់​៦,៨២៥​នាក់​ពោលគឺ​កើនឡើង​ពី​៥,១១៩​នាក់​ក្នុង​ខែមករា​និង​៤,៩៦៨​នាក់​ក្នុង​ខែតុលា​។​
CBP បានប្រគល់​កុមារ​ទាំងនោះ​ទៅ​ឲ្យ​រដ្ឋបាល​កុមារ​និង​គ្រួសារ​របស់ HHS ដែល​ព្យាយាម​ដាក់​ពួកគេ​ជាមួយ​ញាតិសន្តាន​ឬ​គ្រួសារ​ផ្សេងទៀត​នៅ​សហរដ្ឋអាមេរិក ​ខណៈដែល​សំណើ​របស់​ពួកគេ​សុំ​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​ត្រូវបាន​គេ​ពិនិត្យ​ដែល​អាច​ចំណាយពេល​ពីរ​ឆ្នាំ។

រដ្ឋបាល​សម្រាប់​កុមារ​និង​គ្រួ​សារបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បច្ចុប្បន្ន​ពួកគេ​មាន​កុមារ​ប្រមាណ​១១,៥០០​នាក់​នៅក្នុង​មន្ទីរឃុំឃាំង។

ពួកគេ​បាន​និយាយថា តួលេខ​បាន​ប្រែប្រួល​ជា​រៀងរាល់ថ្ងៃ​ដោយសារតែ​ការបញ្ជូន​ថ្មី​មកពី​ក្រសួង​សន្តិសុខ​មាតុភូមិ​និង​បញ្ចេញ​កុមារ​ទៅ​ឲ្យ​អ្នក​ឧបត្ថម្ភ។

លោក Kevin McAleenan ស្នងការ​គយ​និង​ល្បាត​ព្រំដែន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​នៅក្នុង​ខែកុម្ភៈ​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយមាន​មនុស្ស​៧៦,០០០​នាក់​ត្រូវបាន​បញ្ឈប់​ឬ​ចាប់ខ្លួន៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu