Ad Code

បិទ​ការ​ប្រកួត​កីឡា​ចម្រុះ ​សិស្ស​បឋមសិក្សា​ និង​មធ្យមសិក្សា​ ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំ​ឆ្នាំ​២០១៨​ និង​២០១៩



បន្ទាយមានជ័យ​ ៖ អស់​រយៈពេល​១៤​ថ្ងៃ​ពេញ ការ​ប្រកួត​កីឡា​ចម្រុះ មាន បាល់ទះ បាល់ទាត់ បាល់​បោះ និង​អត្តពលកម្ម សិស្ស​បឋមសិក្សា​ និង​មធ្យមសិក្សា បាន​រកឃើញ​ក្រុមកីឡា​ជាប់​ចំណាត់ថ្នាក់ លេខ ១ ,២ ,៣ហើយ។

ការ​ប្រកួត​នេះ ​ប្រព្រឹត្តិ​ទៅ ​នៅ​សួន​សិប្បនិមិត្ត​អេកូ​ស្ព័ត ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ​​រួច​ធ្វើ​កម្មវិធី​បិទ​ ដោយមាន​ការចូលរួម លោក ​សួន​បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក ​ឈើ​យ​ ចាន់ណា សមាជិក​ព្រឹទ្ធសភា​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ លោក ​ហ៊ឹល ​រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក ​ឈូ ​ប៊ុន​រឿង ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត នៅ​ល្ងាច ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

ក្នុង​ពិធី​បិត​ការ​ប្រកួត​កីឡា​ចម្រុះ​សិស្ស​បឋមសិក្សា​ និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០១៨​ និង​២០១៩​នេះ​ លោក ​ឈូ ​ប៊ុន​រឿង ​បាន​មានប្រសាសន៍ថា ​ឆ្លងតាម​ការ​ប្រកួត​យ៉ាង​សកម្ម និង​ស្វិតស្វាញ​ អស់​រយៈពេល​១៤​ថ្ងៃនេះ​ ឃើញថា​ កាយវិការ​របស់​ក្រុមកីឡា​បាន​អនុវត្ត​ការ​ប្រកួត​នេះ​ ពិតជា​ឈរ​លើ​ស្មារតី គោរព​វិន័យ បទបញ្ជា​បច្ចេកទេស​ និង​ចេះ​ស្រឡាញ់​គ្នា យោគយល់​គ្នា អធ្យាស្រ័យ​គ្នា ​និង​គ្នា​ទៀតផង​ នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ​កីឡាករ​ទាំងអស់​ បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​នូវ​ចំណង​សាមគ្គីភាព ភារត​ភាព ​និង​ការយោគយល់​គ្នា ​ដែលជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​អនាគត​ប្រទេសជាតិ។

ក្នុងនោះ​ លោក ​សួន​ បវរ​ បាន​មានប្រសាសន៍ថា​ ពិតណាស់​វិស័យ​កីឡា​នៅ​ខេត្តបន្ទាយមានជ័យ​មិនសូវមាន​ការរីកចម្រើន​ក៏ពិតមែន តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​យកចិត្តទុកដាក់​លើកស្ទួយ​វិស័យ​កីឡា សម្តេច​តែងតែ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​លើ​កីឡាករ ដើម្បី​ឲ្យ​វិស័យ​មួយ​នេះ​មាន​ភាព​រីកចម្រើន​ទៅ​មុខជា​លំដាប់។

ដោយឡែក​ សម្រាប់​ខេត្តបន្ទាយមានជ័យ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​មួយចំនួន ក្នុង​ការកសាង​គ្រូបង្វឹក ក្រុម​កីឡាករ ថែមទាំង​បាន​ចូលរួម​ក្នុងការ​ប្រកួត​ជម្រើសជាតិ​ផងដែរ។

លោក​ សួន​ បវរ​ បាន​បន្ត​ទៀត​ថា សម្រាប់​ការ​ប្រកួត​នេះ​ ការ​ចាញ់ ឈ្នះ​វា​មិន​សំខាន់​នោះ​ទេ តែ​អ្វី​ដែល​សំខាន់ ​គឺ ស្មារតី​ នៃ​ការ​រាប់អាន និង​មាន​សាមគ្គីភាព រវាង​កីឡាករ​ និង​កីឡាករ​តែប៉ុណ្ណោះ​។​

បញ្ចប់​នៅ​កម្មវិធី ​លោក​ សួន​ បវរ ​បានធ្វើ​ការផ្តល់​រង្វាន់​ដល់​ក្រុម​កីឡាករ​ជាប់​លេខ​១ បាន​រង្វាន់​១,៨០០,០០០​រៀល លេខ​២​បាន​រង្វាន់​១,៤៤០,០០០​រៀល និង​លេខ​៣​បាន​រង្វាន់​១,០៨០,០០០​រៀល និង​ពាន​១ ទង់​ជ័យលាភី​១​ និង​បាល់​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu