Ad Code

ពលរដ្ឋ​ ប្តឹង​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ទ្រព្យសម្បត្តិ​ លោក ឌិន ស៊ី​វុទ្ធី ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង​



​ភ្នំពេញ ​៖ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ប្រកាស​បើក​ការស៊ើបអង្កេត​លើ​ លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី និង ​លោក ស្រេង សុខា ស្នងការ​រង​ខេត្ត​កណ្តាល ដែល​មាន​ទ្រព្យ​ច្រើន​ខុសធម្មតា ឥឡូវនេះ​បាន​បែកធ្លាយ​ឯកសារ​ពលរដ្ឋ​ប្តឹង​ឲ្យ​អង្គភាព​មួយ​នេះ ជួយ​បើក​ការស្រាវជ្រាវ​អំពី​ប្រភព​ទ្រព្យ​ដ៏​ច្រើន​របស់ លោក ឌិន ស៊ី​វុទ្ធី ប្រធាន​តុលាការ​ខេត្ត​ស្វាយ​រៀង​។​

​ពាក្យបណ្ដឹង​របស់ លោក​ស្រី ស៊ីវ សៅ​លីន ដែល​ជា​អ្នក​រស់​ក្បែរ​ផ្ទះ​របស់ ​លោកស្រី ហង់ ប៊ុន​នី ជា​ប្រពន្ធ​អតីត​ប្រពន្ធ​ លោក ឌិន ស៊ី​វុទ្ធី បាន​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ស្នើសុំ​ឲ្យ​អង្គភាព​នេះ បើក​ការស៊ើបអង្កេត​លើ​ទ្រព្យសម្បត្តិ​របស់ លោក ឌិន ស៊ី​វុទ្ធី ព្រោះតែ​ឈ្មោះ​នេះ​មាន​ទ្រព្យ​ច្រើន​ខុស​ប្រក្រតី និង​មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៩ ឈ្មោះ ឌិន ស៊ី​វុទ្ធី ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង បាន​ធ្វើ​កិច្ចព្រមព្រៀង​លែងលះ​ប្រពន្ធ​ ឈ្មោះ ហង់ ប៊ុន​នី និង​បាន​ដាក់​ពាក្យ​ប្តឹង​សុំ​លែងលះ​ប្រពន្ធ​ទៅ​តុលាការ​ខេត្ត​កំពង់ធំ​។​

​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ តុលាការខេត្ត​កំពង់ធំ ​បានសម្រេច​ចេញ​ដីកា​លេខ​០១ (​ច​) ចុះ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ សម្រេច​ប្រគល់​ទ្រព្យសម្បត្តិ​រួម នៅក្នុង​ខេត្តកំពង់ធំ​ទាំងអស់​ ទៅ​ប្រពន្ធ​ឈ្មោះ ហង់ ប៊ុន​នី​។​

​ចំណែក​ទ្រព្យ​នៅ​ខេត្ត​ផ្សេង​ ឈ្មោះ ឌិន ស៊ី​វុទ្ធី បាន​ទិញ​ដោយ​ដាក់ ឈ្មោះ កេស គ​ន្ធា ភេទ​ស្រី និង​ឈ្មោះ ឈួន សុធា​រិ​ទ្ធ ភេទ​ប្រុស ដើម្បី​បំភ័ន្ត​ភ្នែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ពាក្យបណ្ដឹង​នេះ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា កាលពី​អំឡុង​ដែល​ លោក ឌិន ស៊ី​វុទ្ធី កាន់​តួនាទី​ជា​ប្រធាន​តុលាការ​ខេត្ត​ក្រចេះ បាន​កាង​រថយន្ត​ឈ្មួញ​ឈើ​ជាច្រើន​ដើម្បី​បាន​លុយ​ទិញ​ដី ទិញ​ផ្ទះ​ជា​ច្រើន​កន្លែង​។​

​លោកស្រី ស៊ីវ សៅ​លីន បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​លើ​លោក ឌិន ស៊ី​វុទ្ធី ឲ្យ​បានច្បាស់លាស់ ​ដើម្បី​លុបបំបាត់​អំពើពុករលួយ​ពី​សង្គមជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu