ខ្សែការពារវ័យក្មេង ផុន តៃនិញ បានចុះកិច្ចសន្យាបាល់ទាត់អាជីពជាមួយក្លិបបាល់ទាត់វិសាខា សមាជិកលីគកំពូលកម្ពុជា (Metfone Cambodian League) កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ខណៈរូបគេបានប្ដេជ្ញាចិត្ត និងខិតខំកសាងអនាគតបាល់ទាត់របស់ខ្លួនឲ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការប្រជែងកៅអីក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃអនាគត។
អតីតកីឡាករយុវជនក្នុងក្រុមជម្រើសជាតិកម្ពុជា រូបនេះបានបន្តថា «ខ្ញុំសប្បាយចិត្ត នឹងការចូលរួមជាមួយក្លិបវិសាខា ដែលជាក្លិបអាជីពលើកដំបូងរបស់ខ្ញុំ ព្រោះវិសាខា គឺជាក្លិបធំមួយ ដែលខ្ញុំជឿជាក់ នឹងផ្ដល់អនាគតដ៏ល្អសម្រាប់ខ្ញុំ។ នេះគឺជាឱកាសដ៏ល្អ ដើម្បីខ្ញុំអភិវឌ្ឍន៍សមត្ថភាព និងសម្រេចគោលដៅក្នុងអាជីពបាល់ទាត់។ ដូច្នេះខ្ញុំប្ដេជ្ញា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្លិបទទួលបានលទ្ធផលកាន់តែល្អប្រសើរ នារដូវកាលថ្មី ពិសេសខ្ញុំនឹងខំប្រឹង ដើម្បីទាក់ចិត្តគ្រូបង្វឹកក្រុមជម្រើសជាតិ ក្រុមធំនាថ្ងៃណាមួយ»។
សូមបញ្ជាក់ថា ផុន តៃនិញ ធ្លាប់មានបទពិសោធន៍ ៥ឆ្នាំជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី មុនផ្ទេរមកកាន់ក្លិបបាល់ទាត់វិសាខា។ ក្រោយចូលរួមហ្វឹកហាត់ និងធ្វើការប្រកួតមិត្តភាពជាមួយក្រុមយុវជនជប៉ុន កាលពីពេលថ្មីៗ គ្រូបង្វឹករបស់យើងលោក ហុក សុជីវ័ន បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គេ និងកីឡាករចំណូលថ្មីផ្សេងៗ ដែលបានយកចិត្តទុកដាក់ហ្វឹកហាត់ ហើយលោកសង្ឃឹមថា ពួកគេនឹងក្លាយជាផ្នែកមួយ ដើម្បីជួយក្រុមប្រកួតប្រជែងក្នុងលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នារដូវកាលថ្មី ឆ្នាំ២០១៩ខាងមុខ។
គួរបញ្ជាក់ថា កីឡាករ ផុន តៃនិញ បានចំណាយពេលជាង ៤ឆ្នាំជាមួយសាលាបាល់ទាត់ជាតិបាទី តែក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសរំសាយកីឡាករសាលាបាល់ទាត់ជាតិបាទីចំនួន ១៦នាក់ ក្នុងនោះក៏មាន តៃនិញ ម្នាក់ដែរ ដើម្បីផ្ដល់ឱកាសឲ្យពួកគេ ចេញប្រកបអាជីពជាមួយក្លិបនានា ហើយ តៃនិញ និងមិត្តរួមក្រុម ៤នាក់ទៀត រួមមាន ទូច គឹមឆាយ, ឡុង ម៉េងហាវ, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលត់ បានសម្រេចចិត្តផ្ទេរទៅកាន់ក្លិបបាល់ទាត់វិសាខាតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments