កំពង់ចាម ៖ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា នៅសាលាបឋមសិក្សាព្នៅកើត និងសមិទ្ធផលនានា ក្នុងវត្តសិរីអម្ពវ័ន្ត ហៅវត្តព្នៅកើត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃសៅរ៍ ទី០៩ ខែមិនា ឆ្នាំ២០១៩។
មានប្រសាសន៍ទៅកាន់អ្នកចូលរួម លោក ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកជើងព្រៃ។ លោកបន្តថា នេះគឺជាសមិទ្ធផលរួម ដែលកើតឡើងដោយការចូលរួមរួមរបស់ប្រជាពរដ្ឋ និងជាមោទនភាពដែលយើងមានសមិទ្ធផលថ្មីៗសម្រាប់ប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងសប្បុរសជនក្នុងការដឹកនាំ និងចូលរួមកសាងសមិទ្ធផលនានា។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ដោយសារតែការចូលរួមគ្នាកសាងនេះហើយ ទើបយើងមានសមិទ្ធផលដូចសព្វថ្ងៃនេះ។ កាលពីអតីតកាលយើងបែកបាក់គ្នា យើងលំបាកវេទនា ប៉ុន្តែសមិទ្ធផល ដែលបានកសាងមកដល់ថ្ងៃនេះយើងត្រូវអបអរសាទរ ហើយយើងនឹងខិតខំរួមគ្នាបន្តកសាងបន្ថែមទៀតឲ្យកាន់តែសម្បូរសប្បាយសម្រាប់កូនចៅជំនាន់ក្រោយ។ នេះហើយគឺប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ចង់បានណាស់ ចង់ឃើញណាស់ ព្រោះលោកមិនចង់ឲ្យកូនចៅជំនាន់ក្រោយលំបាកដូចអតីតកាល។
លោកបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបានខិតខំបង្កើតការងារ មានប្រាក់បៀវត្សសមរម្យលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែការងារចំណាកស្រុកជាជម្រើសរបស់ប្រជាពលរដ្ឋ ព្រោះប្រទេសណាក៏មានចំណាកស្រុកដែរ ប្រទេសខ្លះចំណាកស្រុកច្រើនយើងទៅទៀត ប៉ុន្តែសំខាន់នៅក្នុងស្រុកយើងខិតខំបង្កើនគុណភាពអប់រំ និងបង្កើតឲ្យមានឧស្សាហកម្មធន់ធ្ងន់សម្រាប់ការងារកូនចៅប្រជាពលរដ្ឋ។ ជាក់ស្ដែងគ្រាន់តែនៅក្នុងស្រុកជើងព្រៃនេះ មានកម្មកររោងចក្រជាង២ម៉ឺននាក់ ហើយរកចំណូលបានជាង៥លានដុល្លារក្នុងមួយឆ្នាំ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្រុមការងារថ្នាក់ជាតិ យុវជនបង្គោលចុះជួយស្រុកជើងព្រៃ និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ដែលបាននៅជាមួយប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចជួយទៅបាន និងចូលរួមកទាំងកម្លាំងកាយចិត្ត សម្ភារៈ ថវិកា កសាងសមិទ្ធផល។ លោកបន្តថា ឥឡូវនេះយើងមានទាំងធនធាន និងទឹកចិត្តរបស់ប្រជាពលរដ្ឋដែលជាចំណុចខ្លាំងមួយរបស់ខ្មែរក្នុងការចូលរួមកសាងប្រទេស។ នេះហើយដែលធ្វើឲ្យខ្មែរយើងខ្លាំង យើងមិនត្រូវការបរទេសនោះទេ បរទេសគឺធ្វើការជាមួយយើង យើងមិនត្រូវពឹងលើបរទេសទាំងស្រុងទេ យើងត្រូវមានទំនុកចិត្តលើខ្មែរយើង។ ជាក់ស្តែងនៅក្នុងស្រុកជើងព្រៃរបស់យើងបានរួមគ្នាកសាងសមិទ្ធផលច្រើនណាស់។ ស្រុកជើងព្រៃរីកចម្រើនដោយសារប្រជាពលរដ្ឋមួយគ្រួសាររីកចម្រើន ប្រទេសមានសុខសន្តិភាពក្រោមការដឹកនាំ និងផ្តល់ឲ្យពីសំណាក់រាជរដ្ឋាភិបាល។ ដូច្នេះជើងព្រៃខ្លាំងដោយសារប្រជាពលរដ្ឋនៅជើងព្រៃ ប្រទេសខ្មែរយើងខ្លាំង ក៏ដោយសារប្រជាពលរដ្ឋខ្មែរខ្លាំង។ ខ្មែរជាអ្នកកសាងអង្គរវត្តមិនមែនអាមេរិកកសាងជំនួសខ្មែរនោះទេ យើងបញ្ចប់សង្គ្រាមក៏ដោយសារខ្មែរយើងដែរមិនមែនដោយសារបរទេសនោះទេ។ ដូច្នេះយើងរួមគ្នាតទៅទៀតយើងមានទំនុកចិត្តលើស្មារតីរួមគ្នាជាខ្មែរ និងយើងដឹកនាំរីកចម្រើនបន្តទៅទៀត។ បើខ្មែរយើងមិនខំ បើរាជរដ្ឋាភិបាលមិនខំមិនអាចកសាងប្រទេសបានមកដល់ប៉ុណ្ណោះទេ។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋចំពោះការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ដែលផ្ដល់ឱកាសសម្តេចតេជោ ហ៊ុន សែន បម្រើប្រជាពលរដ្ឋ តាមរយៈចេញទៅបោះឆ្នោតជាង៨៣ភាគរយ ដើម្បីសុំសេចក្តីសុខផ្ទាល់ខ្លួន មិនចង់ឲ្យកូនចៅពិបាកវេទនា កូនចៅមានឱកាសរៀនសូត្រធ្វើការ និងបោះឆ្នោតជូនអ្នកដែលស្វែងរកសេចក្តីសុខជូនប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments